(ស្វាយរៀង)៖ ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ «ទូកនាគ» នៅទីតាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានទូកមកពីបណ្តាខេត្តចំនួន៦ ចូលរួមប្រកួតដណ្តើមជ័យលាភីពានរង្វាន់ សម្តេចក្រឡាហោម ស ខេង នឹងរៀបចំធ្វើឡើង នៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។

ជាមួយគ្នានោះ ក៏មានការតាំងពិព័រណ៌ទំនិញពាណិជ្ជកម្ម ខ្មែរ-ថៃ ដែលមានទំនិញជាច្រើន រួមទាំងគ្រឿងម្ហូបអាហារជាច្រើនមុខ លក់សម្រាប់ពលរដ្ឋហូប នៅក្នុងពិធីនេះផងដែរ។

ដើម្បីធានាសុវត្ថិភាព ម្ហូបអាហារ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំមន្ត្រីចុះពិនិត្យទំនិញ នៅក្នុងពិធីតាំងពិព័រណ៌ពាណិជ្ជកម្មថៃ។

លោក ផឹង និល បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ មានគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ លោកបានបន្តថា ការទទួលខុស ត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ និងធ្វើតេស្តទៅលើមុខទំនិញ ដែលគ្រឿងម្ហូបអាហារ ក្នុងនោះពុំបានរកឃើញសារធាតុគីមីនោះទេ។ លោក ក៏បានណែនាំ ដល់អ្នកលក់ទាំងអស់ នៅក្នុងពិធីតាំងពិព័រណ៌ ត្រូវយកទំនិញដែលមានកាលបរិច្ឆេទ មុខទំនិញឲ្យបានត្រឹមត្រូវ ចៀសវាងលក់ទំនិញដែលផុតកំណត់ប្រើប្រាស់។

លោក ផឹង និល បាន អំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕