(ភ្នំពេញ)៖ តួលេខផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៩នេះ នៅប្រទេសកម្ពុជា អ្នកប្រើប្រាស់ទូរស័ព្ទដៃ (ទូរស័ព្ទចល័ត) ចំនួន២០,៨៥៧,៥៧៤ស៊ីមកាត និងអ្នកប្រើប្រាស់ Internet ទាំងចល័ត និងអចល័តចំនួន ១៥,៨៤៨,៨៦៧នាក់។

របាយការណ៍បានបញ្ជាក់ទៀតថា ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត មានចំនួន៦ ក្នុងនោះមានក្រុមហ៊ុន Cadcomms (qb), ក្រុមហ៊ុន CamGSM (Cellcard), ក្រុមហ៊ុន Smart Axiata (Smart), ក្រុមហ៊ុន South East Asia Telecom (SEATel), ក្រុមហ៊ុន Viettel (Metfone) និង ក្រុមហ៊ុន XinWei (CooTel) ដែលក្នុងនោះមានក្រុមហ៊ុនចំនួន៣ ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេសរុបជាង៩០% នៃចំនួនសរុប ដែលមានក្រុមហ៊ុន Metfone, ក្រុមហ៊ុន Smart និងក្រុមហ៊ុន Cellcard។

ដោយឡែកសម្រាប់ចំនួនអ្នកប្រើប្រាស់ Facebook វិញត្រូវបាននិយ័តករទូរគមនាគមន៍កត់ត្រាបានថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩ អ្នកប្រើប្រាស់ Facebook នៅកម្ពុជាមានចំនួន៧លាននាក់៕