(ត្បូងឃ្មុំ)៖ ការិយាល័យច្រកចេញចូលតែមួយ និងការរិយាល័យប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ ពិតជាមានសារៈសំខាន់បំផុត ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿន និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសទទួលរាល់ពាក្យបណ្តឹង និងជួយសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារ ដោយមិនអស់កម្រៃ ជាចំណុចសំខាន់ ដែលពលរដ្ឋ ត្រូវការជាចំបាច់បំផុត។

ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងបរិវេណសាលាស្រុកត្បូងឃ្មុំ។ ក្នុងនោះក៏មានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកត្បូឃ្មុំ មេឃុំ មេភូមិ និងមន្ត្រីរាជការសរុបប្រមាណជាង២០០នាក់។

លោក ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា យន្តការនៃច្រកចេញចូលតែមួយនេះ ដើម្បីផ្តល់សិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្បាស់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋ បាលថ្នាក់ក្រោមជាតិ ដែលជាតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤វិស័យ។

ក្នុងនោះ ក៏មានវិស័យជំនាញ១០ ត្រូវបានប្រតិភូកម្មពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងវិស័យផ្ទាល់ចំនួន ៤វិស័យ សរុបសេវារាយចំនួន ២១១ សេវាជូនប្រជាពលរដ្ឋ និងធានាដល់ភាពងាយស្រួល របស់ប្រជាពលរដ្ឋមកទទួលសេវាផ្សេងៗ។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា ចំពោះការិយាល័យប្រជាពលរដ្ឋ គឺបង្កើតឡើង ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការពង្រឹងតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលនិងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា រដ្ឋបាលស្រុកត្បូងឃ្មុំបានដាក់ឲ្យដំណើរការ ការិយា ល័យច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋចំនួន ១៣វិស័យ។ ចាប់តាំងពីដាក់ឲ្យដំណើរការបណ្តោះអាសន្ន ការិយាល័យបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួន ២,៦៧៤សេវា រកចំនូលបានជាង ១៩លានរៀល៕