(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅធនាគារពិភពលោកម្ចាស់កម្ចីសម្រាប់លើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ និងលេខ៣ ឱ្យដកអ្នកត្រួតពិនិត្យបច្ចេកទេសផ្លូវចំនួន ៦រូប បន្ទាប់ពីមើលឃើញថា ការជួសជុល និងលើកកម្ពស់គុណភាពកំណាត់ផ្លូវទាំងពីរនាក់នេះ មានបញ្ហាច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកត្រួតពិនិត្យបច្ចេកទេសផ្លូវទាំង៦រូប ដែលដកចេញនោះ មានជនជាតិខ្មែរ៣រូប និងជនបរទេស៣រូប។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការដកអ្នកត្រួតពិនិត្យបច្ចេកទេសផ្លូវទាំង៦រូបនេះ បន្ទាប់ពីពួកគេបានធ្វេសប្រហែសក្នុងការងារ ដោយបណ្តោយឱ្យការសាងសង់កំណាត់ផ្លូវជាតិលេខ៧ និងលេខ៣ មានបញ្ហាច្រើន។

អ្នកបច្ចេកទេសដែលស្នើឱ្យដកចេញពីការងារនេះ រួមមាន៖ ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប, អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប និងសមាជិកក្រុមទីប្រឹក្សាបច្ចេកទេស ៤រូប។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាទទួលបានកម្ចីជាង ៤៥លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ និងលេខ៣ ពីកម្រិត DBST ទៅ AC។ កំណាត់ផ្លូវជាតិលេខ៧ ធ្វើពីបង្គោលគីឡូម៉ែត្រលេខ១៣៦-៣០០ ប្រវែងប្រមាណ ១៦៤គីឡូម៉ែត្រ ចំណាយទឹកប្រាក់ជាង ៣៦លានដុល្លាររអាមេរិក។

កំណាត់ផ្លូវជាតិលេខ៣ ប្រវែង ៥៤.៣០គីឡូម៉ែត្រ ចន្លោះគីឡូម៉ែត្រ ១៤៧+១០០ ដល់គីឡូម៉ែត្រ ២០១+៤០០ រង្វង់មូលវាលរេញ ដោយត្រូវចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក។

ការសាងសង់កំណាត់ផ្លូវទាំងពីរនេះ បានរកឃើញថា មានបញ្ហាជាច្រើនពោលសាងសង់មិនទាន់ទាំងរួចរាល់ផង មានកន្លែងបានខូចខាតទៅវិញហើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទាមទារឱ្យក្រុមហ៊ុនសាងសង់កែលំអកន្លែងខូចខាតទាំងនេះឱ្យល្អប្រសើរឡើងវិញ៕