(ព្រះសីហនុ)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តព្រះសីហនុដឹកនាំដោយលោក ប៊ុន ចំរើន ប្រធានសាខាស្តីទី បានសហការចូលរួមពី មន្ទីពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ ផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារស្ទឹងហាវ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយរកឃើញទំនិញហួសកាលបរិច្ឆេទជាងជិត៤០០គីឡូក្រាម។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាមួយគ្នានោះ មន្ត្រីជំនាញកាំកុងត្រូល បានត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ ជាលទ្ធផល នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ តែបានរកឃើញការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន ៖
*ទី១៖ តូប ម៉ាក់ម៉ាឌី
-ទឹកត្រីម៉ាក Sobi ចំណុះ ៥០០ មីលីលីត្រ ចំនួន ១១យួរ ស្មើរ ៤៤ គីឡូក្រាម
-ទឹកត្រី VN ចំណុះ ៧៥០ មីលីលីត្រ ចំនួន ៣៧ដប ស្មើរ ២៧,៧៥ គីឡូក្រាម
-ទឹកក្រូចម៉ាក Fanta ចំណុះ ១.២៥ លីត្រ ចំនួន ១១ដប ស្មើរ ១៣,៧៥ គីឡូក្រាម
-ភេសជ្ជៈ M១៥០ និង AD ចំនួន ៩៧កំប៉ុង ស្មើរ ២៤,៩៧ គីឡូក្រាម
-ខោទឹកនោមកូនង៉ែតចំរុះម៉ាក ចំនួន ៧៩យួរ ស្មើរ ១១៨,៥០ គីឡូក្រាម

*ទី២៖ ចែហៀប លក់ភេសជ្ជៈ
-តែក្រូចឆ្មាដប ចំន៨២ដប ស្មើរ ៤១,០០ គីឡូក្រាម
-ទឹកផ្លែឈើ AD ១០៥ដប ស្មើរ ២៥,២០ គីឡូក្រាម
-ទឹកក្រូចម៉ាក Cocacola ចំណុះ ៣៣០ មីលីលីត្រ ចំនួន ៤៨ដប ស្មើរ ១៥,៨៤ គីឡូក្រាម
-ទឹកក្រូចម៉ាក Cocacola ចំណុះ ១,២៥ លីត្រ ចំនួន ៤ដប ស្មើរ ៥ គីឡូក្រាម
-ចាហួយម៉ាក NIO ចំណុះ ១កេស ចំនួន ៤ដប ស្មើរ ៩,៦០ គីឡូក្រាម
-នំត្រាវ ៤ប្រអប់ ស្មើរ ២គីឡូក្រាម។ សរុបទំនិញដកហូតបានប្រហែល ចំនួន ៣៩៩,៦២ គីឡូក្រាម។

មន្រ្តីកាំកុងត្រូលសាខាខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីរកឃើញផលិតផលហួសកាលបរិច្ឆេទទាំងនោះ មន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក នៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល។

ជាមួយគ្នានោះ មន្រ្តីជំនាញក៏បានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕