(ភ្នំពេញ)៖ លោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែតដែលចប់អាណត្តិនៅកម្ពុជា បានថ្លែងថា ប្រទេសខ្លួនកំពុងតែកសាង យុទ្ធសាស្ត្រអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល៥ឆ្នាំទៀត។ នេះបើតាមការបញ្ជាក់ពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ការបញ្ជាក់របស់លោកស្រីឯកអគ្គរដ្ឋទូតស៊ុយអ៊ែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អនុញ្ញាតឲ្យលោកស្រីចូលជួប ដើម្បីធ្វើកិច្ចជម្រាបលា បន្ទាប់ពីខ្លួនបានបញ្ចប់ បេសកកម្មការទូត ដោយជោគជ័យនៅកម្ពុជា។

លោក កេត សោផាន់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ចំណុចមួយដែលសំខាន់លើកឡើងក្នុងជំនួបនេះផងដែរ គឺលោកស្រីទូត បានបញ្ជាក់ថា ពេលនេះស៊ុយអែត កំពុងតែកសាង នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ នៅកម្ពុជារយៈពេល៥ឆ្នាំ គឺនៅឆ្នាំ២០២០ ដល់ឆ្នាំ២០២៤»។ អ្នកនាំពាក្យបានបន្តថា ចំណុចនេះ គឺជាភស្តុតាង ជាសាក្ស៉ី នៃការប្តេជាចិត្តជួយគាំទ្រ ដំណើរការជួយអភិវឌ្ឍន៍នៅកម្ពុជា ពីសំណាក់រដ្ឋាភិបាលស៊ុយអែត ក៏ដូចជារំលេចឲ្យឃើញ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូយ៉ាងល្អ នៃរដ្ឋាភិបាលទាំងពីរ។

ទោះបីជាយ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ នៃការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល៥ឆ្នាំទៀត ពីសំណាក់រដ្ឋាភិបាលស៊ុយអែតនោះទេ។ លោក កេត សោផាន់ គ្រាន់តែអះអាងថា រដ្ឋាភិបាលស៊ុយអែត កំពុងតែពិភាក្សាជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីកំណត់ចំនួនទឹកប្រាក់ សម្រាប់យុទ្ធអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល៥ឆ្នាំខាងមុខនេះ។

លោកថ្លែងថា «លោកស្រីទូតបានលើកឡើងថា ស៊ុយអែតកំពុងតែរៀបចំឯកសារ យុទ្ធសាស្ត្រអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល៥ឆ្នាំ នៅឆ្នាំ២០២០-២០២៤។ គេកំពុងរៀបចំ ធ្វើការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខ្ញុំក៏មិនដឹងថាចំនួនទឹកប្រាក់ប៉ុន្មាន ព្រោះទាល់តែឆ្នាំ២០២០ ទើបដំណើរការ»