(កំពង់ធំ)៖ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបនូវការខ្វះខាត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៏មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅវត្តកំពង់ពោ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក សុខ លូ បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្ត្រីម៉េមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីផងដែរ។

ជាក់ស្តែង គ្រួសារក្រីក្រ និងជនរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់កាកបាទក្រហកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈផងដែរ។ លោកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំ សុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដែលបានកើតមាននៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ម្យ៉ាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណា លើកស្ទួយកម្រិតជីវភាពរស់នៅឲ្យ មានលក្ខណៈ សមរម្យ។ ប្រជាពលរដ្ឋខ្វះខាត ជនចាស់ជរា និងជនពិកា ក្មេងកំព្រាទាំងអស់ចំនួន៧៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន និងភួយសារុង និងធុងចំរោះទឹកមួយផងដែរ។

លោក សុខ លូ ក៏បានផ្ដាំផ្ញើ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋផងដែរថា ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយយថាហេតុ៕