(ភ្នំពេញ)៖ ផ្សារទំនើបល្បីធំៗចំនួន២ គឺ អ៉ីអន (AEON Cambodia) និងម៉ាក្រូ (Makro Cambodia) ត្រូវការបុគ្គលិកបន្ថែមចំនួន១៤៤នាក់ នៅក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដាខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ដែលស្ថិនៅលើមហាវិថីសហព័ន្ធរុស្សី។

វេទិកាការងាររបស់រាជរដ្ឋាភិបាល សម្រាប់ខែកក្កដា ឆ្នាំ២០១៩នេះ នឹងផ្តល់ឱកាសការងារសរុបចំនួន៦៧៨កន្លែង ជូនសិស្ស-និស្សិត យុវជនអ្នកស្វែងរកការងារ និងអ្នកមានបំណងផ្លាស់ប្តូរការងារថ្មី ដោយឥតគិតកម្រៃ។

អ្នកចូលរួមទោះមានបទពិសោធក្តី ឬមិនទាន់មានក្តី អាចដាក់ពាក្យសម្ភាសផ្ទាល់ និងមានឱកាសទទួលបាន ការងារភ្លាមៗតែម្តង ជាមួយផ្សារទំនើប AEON និង Makro ឬ អាចដាក់ពាក្យជាមួយក្រុមហ៊ុនធំៗ ចំនួន៩ ផ្សេងទៀតរួមមាន៖ AEON Specialized Bank Cambodia, ONLINE ISP Cambodia, Manulife Cambodia, AMK Microfinance Institution Plc., URBAN HUB (CAMBODIA) CO., LTD, LMM Distribution Co.,Ltd, 103 New Production Co.,Ltd, Ly Hour Veluy , Olympia City Hotel ដែលផ្តល់ឱកាសការងារជាច្រើនជំនាញ និងមុខតំណែង។

សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្វែងរកការងារធ្វើ និងត្រូវការជ្រើសរើសកម្លាំងពលកម្ម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ http://nea.gov.kh/kh/nea/upcoming_event/1/41 និងទំព័រ Facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕