(កំពង់ឆ្នាំង)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ អមដំណើរដោគណៈប្រតិភូ និងលោក SAUD BIN FAHAD AL-SUWAILEM ឯកអគ្គរាជទូត នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាវិទ្យាល័យ អាពូប៉ាកើរឥស្លាមកម្ពុជា ស្ថិតនៅភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អគារនេះចាប់ផ្តើមសាងសង់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣ ដែលមាន៤៥បន្ទប់ ចែកចេញជាបន្ទប់រៀន បន្ទប់ស្នាក់នៅសម្រាប់សិស្ស បន្ទប់ស្នាក់នៅ សម្រាប់លោកគ្រូអ្នកគ្រូ ការិយាល័យសមាគម ការិយាល័យអប់រំផ្នែកចំណេះទូទៅ ការិយាល័យអប់រំផ្នែកសាសនាឥស្លាម បន្ទប់ពិគ្រោះពិនិត្យព្យាបាលជំងឺ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងសាលប្រជុំ ដែលការសាងសង់នេះ ចំណាយថវិកាសរុបចំនួន៧៩២,០៥០ដុល្លារ ក្នុងនោះ ជំនួយមកពីរដ្ឋាភិបាល ប្រទេសអារ៉ាប៊ីសាអូឌីត ចំនួន១០០,០០០ដុល្លារ សប្បុរសជនប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំនួន ៥៦៨,០២៣ដុល្លារ សប្បុរសជនប្រទេសអារ៉ាប់រួមអេមីរ៉េត ចំនួន១០៩,៣៨៨ដុល្លារ សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម នៃប្រទេសគុយវ៉ែត ចំនួន១៥,០០០ដុល្លារ។

ថ្លែងទៅកាន់សិស្សានុសិស្ស អាណាព្យាបាលនិង លោកគ្រូអ្នកគ្រូ និងភ្ញៀវកិត្តិយសទាំងអស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ចំពោះសប្បុរសជនម្ចាស់ជំនួយទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងឧបត្ថម្ភគាំទ្រដល់វិស័យសិក្សានៅកម្ពុជា។ លោកបន្តថា ដោយកក្តាសន្តិភាព ធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ និយាយដោយឡែក ចំពោះសហគមន៍ឥស្លាម មួយរយៈចុងក្រោយនេះ ឃើញថាមានការវិវត្តន៍យ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យអប់រំ។

លោកសង្កត់ធ្ងន់ថា ហើយអ្វីដែលសំខាន់បំផុត គឺប្រទេសកម្ពុជា មានមេដឹកដ៏ឆ្លៀសវៃ គឺសម្តេចតេជោ ហ៊ុន សែន ដែលរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាពប្រទេសរបស់ខ្លួន ដោយបានទប់ស្កាត់រាល់ការញុះញុងបំបែកបំបាក់ជាតិ ពីឥទ្ធិពលអាក្រក់មួយចំនួន។

លោកបានលើកឡើងទៀតថា ក្មួយៗជាសិស្សានុសិស្ស ត្រូវតែខិតខំរៀនសូត្រ ធ្វើយ៉ាងណាដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងដើម្បីឆ្លើយតប ទៅនិងតម្រូវការរបស់ប្រទេសជាតិយើង ដែលកំពុងតែមានការរីកចម្រើន ជាពិសេសបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម សូមក្មួយៗប្រើប្រាស់វិស័យនេះ ឲ្យមានប្រយោជន៍ក្នុងផ្លូវវិជ្ជមានដើម្បីបម្រើដល់ប្រយោជន៍សង្គម ចៀសវាងការប្រើប្រាស់ ក្នុងផ្លូវអវិជ្ជមាន ដូចជាការញុះញុង បង្កចលាចលដល់សង្គមជាតិជាដើម៕