(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានា នៅផ្សារបានលុងបរកែវ និងផ្សារអូរយ៉ាដាវ ខេត្តរតនគិរី រកឃើញផលិតផលជាង៣០០គីឡូក្រាម ហួសកាលបរិច្ឆេទ ដកហូតទុកដុតកម្ទេចចោល។

មន្រ្តីកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ ដែលដាក់តាំងលក់ នៅតាមផ្ទះផ្សារបានលុង ផ្សារបរកែវ និងអូរយ៉ាដាវខាងលើ ក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួនសរុប ៣២៣,៨គីឡូក្រាម ក្រុមការងារបានធ្វើកំណត់ដកហូតទុកដុតកម្ទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលខេត្តរតនគិរី ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕