(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្ដកំពង់ចាម បានថ្លែងជំរុញឱ្យក្រុមការងារថ្នាក់ជាតិទាំងអស់ រួមគ្នាសាមគ្គីភាពរវាងក្រុមប្រឹក្សា និងគណៈបញ្ជារការឯកភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីកសាងអភិវឌ្ឍន៍ និងត្រូវធ្វើយ៉ាងណាបម្រើសេវាតម្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងជំរុញបែបនេះ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលាខេត្តកំពង់ចាម ។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានលើកឡើងថា ក្នុងនាមជាក្រុមការងារចុះជួយមូលដ្ឋាន តាមបណ្តាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវការពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពោលធ្វើយ៉ាងណាបម្រើសេវាតម្រូវការ របស់ប្រជាពលរដ្ឋ ជាពិសេសអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ឲ្យមានភាពរីកចម្រើន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក្រុមការងារថ្នាក់ស្រុក-ក្រុង ធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព ដោយការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានការប្រសើរ ឆ្ពោះទៅកាន់ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាទាំងអស់ត្រូវសហការគ្នាជាមួយគណៈបញ្ជាការឯកភាពខេត្ត ទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាបញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសង និងទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាសំខាន់បំផុតនាពេលបច្ចុប្បន្ននេះផងដែរ៕