(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងសហគមន៍ប្រជាពលរដ្ឋបុរីកាំងម៉េង បានហែទៀនវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគ បច្ច័យប្រគេនដល់ព្រះសង្ឃ ចំនួន៤៤អង្គ ដែលគង់នៅវត្តកែវមុនី និងវត្តព្រែកថ្លឹង ហើយបានបន្តឧបត្ថម្ភស្បៀងអាហារ និងសម្ភារសិក្សាដល់កុមារកំព្រាចំនួន៣៥នាក់ និងអ្នកមើលថែក្មេង ចំនួន១០នាក់ នៅក្នុងមណ្ឌលកុមារកំព្រា ABC នៅសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

លោក ជា សុខា តំណាងប្រជាពលរដ្ឋក្នុងសហគមន៍ បានឲ្យដឹងថា ទេយ្យទាន និងសម្ភារទាំងនេះ បានពីការចូលរួមពីសប្បុរសជន សហគមន៍ប្រជាពលរដ្ឋ ក្នុងបុរីកាំងម៉េង ហើយនេះជាលើកទី២ ដែលបានធ្វើការងារមនុស្សធម៌។ ដោយលើកទី១ សហគមន៍បានបរិច្ចាគជាប្រាក់ចំនួន២,០០០ដុល្លារអាមេរិក ជួយដល់ជនរងគ្រោះដោយសារការដួលរំលំសំណង់អគារ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាមួយគ្នានោះប្រជាពលរដ្ឋក្នុងសហគមន៍ បានប្តេជ្ញាបន្តសកម្មភាពមនុស្សធម៌នេះតទៅទៀត ដើម្បីជាប្រយោជន៍សង្គមខ្មែរទាំងអស់គ្នា។

លោកបញ្ជាក់ថា សហគមន៍បានបង្កើតឡើងក្នុងគោលបំណងទាមទារឲ្យម្ចាស់បុរី បំបែកក្បាលដីពីបុរី ដើម្បីឲ្យប្រជាពលរដ្ឋដែលបានទិញដីឡូតិ៍ពីបុរីកាំងម៉េង និងបង់ថ្លៃដីរួចរាល់ហើយជាច្រើនឆ្នាំ មកហើយអាចបន្តទៅធ្វើប្លង់រឹងកាន់កាប់អចលនទ្រព្យខ្លួនស្របតាមច្បាប់ និងបង់បង់ពន្ធគ្រប់ប្រភេទជូនរដ្ឋ, ចូលរួមអភិវឌ្ឍន៍បុរីនេះ ឲ្យក្លាយជាកូនទីក្រុងមួយដ៏ស្រស់ស្អាត។

ឆ្លៀតឱកាសនេះ សហគមន៍ប្រជាពលរដ្ឋបុរីកាំងម៉េង សូមអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ជួយអន្តរាគមន៌ និងជំរុញឲ្យម្ចាស់បុរីកាំងម៉េង បំពេញកាតព្វកិច្ចខ្លួនឲ្យគ្រប់ជ្រុងជ្រោយ ដូចមានចែងក្នុងកិច្ចសន្យាទិញ-លក់រវាងបុរី និងអ្នកទិញ។ ក្រុមតំណាងសហគមន៍ សូមអរគុណ និងប្រសិទ្ធិពរដល់ប្រជាពលរដ្ឋក្នុងបុរីកាំងម៉េង ដែលមានសទ្ធាជ្រះថ្លាចូលរួមសកម្មភាពមនុស្សធម៌នេះ។

ជាមួយគ្នានោះតំណាងខាង មណ្ឌលកុមារកំព្រា ABC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមសហគមន៍ប្រជាពលរដ្ឋក្នុងបូរីកាំងម៉េង ដែលបាននាំយកនៅសម្ភារប្រើប្រាស់ និងគ្រឿងបរិភោគ ឧបភោគ រួមទាំងថវិកាសម្រាប់ទិញទឹកដោះស្រស់ ជូនកុមារកំព្រាកំពុងស្នាក់នៅក្នុងមណ្ឌល៕