(កោះកុង)៖ លោក មាស ប៊ុនឡី ជាក្រុមការងារថ្នាក់កណ្តាលចុះជួយ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ដឹកនាំមន្ត្រីរាជការមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ បានអញ្ជើញដង្ហែទៀនព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន២វត្ត រួមមាន៖ វត្តចន្ធមុនីរាម (ហៅវត្តអណ្តូងទឹក) និងវត្តគីរីបូទុម (ហៅវត្តតាអុក)។

ក្នុងឱកាសនេះ លោក មាស ប៊ុនឡី បានលើកឡើងថា ការប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ គឺបានបុណ្យច្រើនជាងកឋិនទានទៅទៀត ដូចនេះហើយ ពុទ្ធបរិស័ទមិនអាចចោលបានទេ ចំពោះទានព្រះវស្សានេះ ហើយយើងតែងតែធ្វើការដាក់ទៀនព្រះវស្សានេះជារៀងរាល់ឆ្នាំ នៅវត្តទាំងអស់ក្នុងស្រុកបុទុមសាគរ ដែលការប្រគេនទៀនព្រះវស្សានេះ គឺជាការគោរពបូជា និងគាំទ្រយ៉ាងពេញទំហឹងលើពុទ្ធសាសនា ពីព្រោះតែពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដូចនេះយើងតែងនាំគ្នាធ្វើយ៉ាងណាឲ្យសាសនាបានគង់វង្ស និងរីកចម្រើនតទៅមុខទៀត។

លោក មាស ប៊ុនឡី បានថ្លែងបន្តថា ការនាំយកទេយ្យទៀន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃនេះ អាចធ្វើទៅបានដោយយើង មិនអាចឃ្លាតឆ្ងាយ ពីសន្តិភាពបានទេ បើយើងគ្មានសន្តិភាពហើយបើស្ថិតនៅ ក្នុងរបប ប៉ុល ពត ទៀត កុំថាឡើយសាសនាព្រះពុទ្ធ សាសនាអ្វីក៏គ្មានដែរ ដូចនេះដោយសារតែមានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសកម្ពុជា អាចកើតមានប្រពៃណីដ៏ស្រស់ផូផង់ឡើងវិញ។

លោក មាស ប៊ុនឡី បានបញ្ជាក់ថា ការនាំយកទៀនវស្សា និងទេយ្យទៀនយកមកប្រគេនព្រះសង្ឃនៅពេលនេះ គឺដើម្បីជាការលើកស្ទួយឲ្យប្រជាពលរដ្ឋកាន់តែ យល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ឲ្យមានការប្រសើរឡើង ក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ៕