(ពោធិ៍សាត់)៖ ឆ្លើយតបនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងការពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីបទល្មើសធនធានធម្មជាតិ(ព្រៃឈើ), កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក ចំនួន៣ស្រុក រួមមានស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង បានបន្តចុះរឹបអូស និងដុតកម្ទេចចោលជាក់ស្តែង នូវវត្ថុតាង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំនួន៨គ្រឿង។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលភ្នាក់ងារ Fresh News បានទទួលនាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា នាថ្ងៃទី២០ ខែកក្កដានេះ លោកវរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងសហការ ចុះដល់ចំណុចភូមិវាល ឃុំសំរោង និងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជាលទ្ធផលដកហូតនូវវត្ថុតាង រថយន្តរ៉េវ គ្មានស្លាកលេខចំនួន០២គ្រឿង។ បច្ចុប្បន្នវត្ថុតាងរថយន្តរ៉េវ ទាំង០២គ្រឿង ត្រូវបានដុតបំផ្លាញចោលនៅកន្លែង ដោយផ្អែកលើការលំបាកដឹកជញ្ជូនមក។

ដោយឡែកនៅថ្ងៃខែឆ្នាំដដែល លោកវរសេនីយ៍ទោ ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបន្តដឹកនាំកម្លាំងសហការ ចុះដល់ចំណុចភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជាលទ្ធផលដកហូតនូវវត្ថុតាង រថយន្តរ៉េវ គ្មានស្លាកលេខចំនួន០១គ្រឿង។ បច្ចុប្បន្នវត្ថុតាងរថយន្តរ៉េវ ក៏ត្រូវបានដុតបំផ្លាញចោលនៅកន្លែង ដោយផ្អែកលើការលំបាកដឹកជញ្ជូនមកដូចគ្នា។

ចំពោះនៅឯស្រុកវាលវែងឯណោះវិញ លោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសហការចុះដល់ចំណុចបឹងត្រកួន ស្ថិតក្នុងភូមិក្រពើពីរ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជាលទ្ធផលដកហូតនូវវត្ថុតាង រថយន្តរ៉េវ គ្មានស្លាកលេខចំនួន០៥គ្រឿង។ បច្ចុប្បន្នវត្ថុតាងរថយន្តរ៉េវទាំង០៥គ្រឿង ក៏ត្រូវបានដុតបំផ្លាញចោលនៅកន្លែង ដោយផ្អែកលើការលំបាកដឹកជញ្ជូនមកដូចគ្នាផងដែរ៕