(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយ ឱ្យម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានទាំងអស់ទូទាំងប្រទេស រាយការណ៍អំពីវត្តមានជនបរទេស ដែលចូលមកស្នាក់នៅទីតាំងរបស់ខ្លួន។

ក្រសួងមានសមត្ថកិច្ចនេះ បានអះអាងថា ក្រោយពីចេញសេចក្តីណែនាំអំពីការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការស្នាក់នៅរបស់ជនបរទេស កន្លងទៅនេះ ខ្លួនបានពិនិត្យឃើញថា មានម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាច្រើន បានអនុវត្តតាមសេចក្តីណែនាំដោយស្មារតីភ្ញាក់រលឹករួសរាន់ និងការទទួលខុសត្រូវខ្ពស់ ប៉ុន្តែនៅមានម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានមួយចំនួន ពុំទាន់យល់អំពីកាតព្វកិច្ច និងអនុវត្តត្រឹមត្រូវតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅឡើយ។

ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាន នៃការស្នាក់នៅរបស់
ជនបរទេសឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក៏ដូចជាសុវត្ថិភាពផ្ទាល់ របស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅកម្ពុជា ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដូចខាងក្រោម៖

១៖ ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេស ដែលបានចូល
មកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់នៅក្នុងមូលដ្ឋាននោះ តាមរយៈគំរូរបាយការណ៍ ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនឱ្យលើសពីរយៈពេល២៤ម៉ោង។

- ក្នុងករណីម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទជាជនបរទេស ត្រូវរាយការណ៍បន្ថែមអំពីវត្តមានរបស់ខ្លួនឯង និងសមាជិកដែលជាជនបរទេសក្នុងបន្ទុក ក្នុងរយៈពេលមិនលើសពី២៤ម៉ោងដូចគ្នា ។

២៖ ខ្លឹមសារនៃសេចក្តីរាយការណ៍ ត្រូវបញ្ជាក់ច្បាស់អំពីរយៈពេលស្នាក់នៅ រយៈពេលបន្តការស្នាក់នៅ
និងឧប្បទ្ទវហេតុនានាលើជនបរទេស ដើម្បីកម្លាំងសមត្ថកិច្ច មានវិធានការសមស្របទាន់ពេលវេលា។

៣៖ ចំពោះម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានណា ដែលមិនបានរាយការណ៍ពីវត្តមាននៃការស្នាក់នៅរបស់ជនបរទេសតាមការកំណត់នៃច្បាប់ និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញតិដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា។

៤៖ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវផ្តល់គំរូរបាយការណ៍ និងពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដល់ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ដើម្បីធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃ និងត្រូវបូកសរុបរបាយការណ៍ ផ្ញើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

៥៖ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋាន
អន្តោប្រវេសន៍ អំពីមរណៈភាព ការបាត់ខ្លួន និងឧប្បទ្ទវហេតុនានារបស់ជនបរទេស និងត្រូវទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យជនបរទេសអន្តោប្រវេសន្ត ដែលបានមកតាំងទីលំនៅ ឬទើបមកតាំងទីលំនៅ ក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។

៦៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវរៀបចំផែនការអនុវត្ត និងផ្សព្វផ្សាយណែនាំដល់ម្ចាស់ ឬអ្នក
កាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជន និងចាត់តាំងមន្ត្រីជំនាញចុះត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំនេះ ព្រមទាំងធ្វើការបូកសរុប វាយតម្លៃរាយការណ៍ជូនក្រសួងមហាផ្ទៃ ដើម្បីមានគោលការណ៍ដឹកនាំ។

៧៖ ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណជន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមាន
សមត្ថកិច្ចគ្រប់ប្រភេទ ត្រូវចូលរួមចំណែកផ្តល់ព័ត៌មាន និងរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធអំពីវត្តមានជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ៖