(ភ្នំពេញ)៖ កូនខ្មែរ១ក្រុមបានរួមគ្នាបង្កើតប្រព័ន្ធមួយឈ្មោះ Guide Direk ដែលជាប្រព័ន្ធបញ្ជាក់មគ្គុទេសក៍ នៅក្នុងប្រទេសកម្ពុជា។ Guide Direk ត្រូវបានសម្ពោធឱ្យបើកដំណើរការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមព្រះវត្តមានរបស់ព្រះអង្គម្ចាស់ ស៉ីសុវត្ថិ តេស្សូ រដ្ឋលេខាធិការ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ឃីម ម៉ាឡែន នាយកប្រតិបត្តិនៃប្រព័ន្ធបញ្ជាក់មគ្គុទេសក៍ បានថ្លែងថា Guide Direk គឺជាប្រព័ន្ធបញ្ជាក់អនឡាញមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីគាំទ្របង្កើនភាពងាយស្រួល និងជួយដោះស្រាយរាល់បញ្ហាមគ្គុទេសក៍ កម្ពុជាបច្ចុប្បន្នដែលកើតមានឡើង នៅក្នុងសង្គមបច្ចុប្បន្ន។ ប្រទេសកម្ពុជា សម្បូរធនធានមនុស្ស ដែលពោរពេញទៅដោយសមត្ថភាពនិង មានភាពឆ្លាតវៃ។

លោកបន្តថា «តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ (ក្នុងនាមខ្ញុំជាមគ្គុទេសក៍ជំនាន់ទី២៦ នៅខេត្តសៀមរាប) មានជំនឿជាក់ថា នឹងមានមធ្យោបាយដ៏ល្អប្រសើរមួយ សម្រាប់មគ្គុទេសទេសចរណ៍ ដែលមានអាជ្ញាប័ណ្ណប្រកប ដោយវិជ្ជាជីវៈត្រឹមត្រូវរបស់យើង នឹងអាចឱ្យពួកគាត់ មានឱកាសជាច្រើនបន្ថែមទៀត ដើម្បីបង្ហាញ និងណែនាំអ្វី ដែលប្លែកទៅកាន់ពិភពលោក»។

លោក ឃីម ម៉ាឡែន បានថ្លែងបន្តថា Guide Direk ជាគឺប្រព័ន្ធបញ្ជាក់មគ្គុទេសក៍ អនឡាញមួយ ដោយពឹងផ្អែកលើគោលជំហរ ក្នុងការបើកប្រព័ន្ធទីផ្សារមគ្គុទេសក៍កម្ពុជា ឱ្យធំទូលាយ ដោយផ្តោតសំខាន់ ទៅលើគោលជំហរ ៣ យ៉ាងគឺ៖ ទី១៖ ការកាត់បន្ថយភាពក្រីក្រ ដោយស្វែររកទីផ្សារបន្ថែម សម្រាប់មគ្គុទេសក៍, ទី២៖ ការពង្រីកឱកាស និងទីផ្សារមគ្គុទេសក៍ ឱ្យកាន់តែធំទូលាយ ដោយការស្វែងរកភ្ញៀវដោយផ្ទាល់ តាមរយៈការទំនាក់ទំនង ជាមួយភ្ញៀវដោយផ្ទាល់ និងទី៣៖ ការបង្កើតសមភាពជំនួញសេវាកម្ម នៅក្នុងទីផ្សារទេសចរណ៍កម្ពុជា។

លោកបន្ថែមថា «Guide Direk ដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ វប្បធម៌ សម្បត្តិធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរអង្វែង របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ព័ត៌មានទាំងអស់ អាចស្ថិតនៅក្នុងដៃ របស់អ្នកទាំងអស់គ្នាមែន ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ ប្រសិនបើយើង មិនបានមកមើលផ្ទាល់ ឃើញផ្ទាល់ បើយើងមិនបានមក កម្សាន្តនៅប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា គោលដៅ និងបេសកកម្មរបស់កូនខ្មែរ១ក្រុមនេះ នឹងនាំមកនូវបទពិសោធន៍ថ្មីៗ ជូនដល់ភ្ញៀវទេសចរជាតិ និងអ្នកទេសចរអន្តរជាតិ។ ពួកគេក៏ចង់ប្រាប់ ទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា មិនមែនមានត្រឹមតែអង្គរវត្តនោះទេ ជាក់ស្តែងតាំងពីបុរាណមក កម្ពុជាមានប្រពៃណីវប្បធម៌ និងគោលដៅទេសចរណ៍ជាច្រើនទៀត ដូចជារបាំបុរាណ និងប្រពៃណីរបាំបុរាណខ្មែរ ឧបករណ៍ភ្លេង តន្ត្រី អក្សរសាស្រ្ត និងសម្លៀកបំពាក់បុរាណខ្មែរ។

Guide Direk នឹងដើរតួយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍កម្ពុជា។ មិនត្រឹមតែស្វែងរក និងជួយណែនាំមគ្គុទ្ទេសក៍ ឱ្យមានទីផ្សារកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ ការពិតនៃប្រទេសកម្ពុជា ទៅកាន់ពិភពលោកផងដែរ៕