(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មាន (Internet Café) តាមរយៈច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ ដែលជាវិស័យមួយ ក្នុងចំណោមវិស័យទាំង១៤ ត្រូវប្រើប្រាស់យន្តការច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយរួចអស់ច្រើនវិស័យមកហើយ ក្នុងគោលបំណងប្រាប់ដល់ប្រជាពលរដ្ឋ, មន្ត្រីពាក់ព័ន្ធ, អាជីវករ និងពាណិជ្ជករដែលរកស៊ីក្នុងវិស័យនីមួយៗ បានយល់ដឹងច្បាស់ ពីយន្តការច្រកចេញចូលតែ១ ដែលកាន់តែងាយស្រួល ការកំណត់ពេលវេលាច្បាស់លាស់ និងតម្លៃសេវាត្រូវបានកំណត់ប្រកបដោយតម្លាភាព តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

ក្នុងពិធីផ្សព្វផ្សាយនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បានដំណើរការរយៈពេល ជិតមួយឆ្នាំហើយ ជាកន្លែងប្រមូលផ្តុំផ្តល់សេវាបំរើប្រជាពលរដ្ឋ ក្នុងទីកន្លែងតែមួយ ងាយស្រួលមិនស្មុគស្មាញបងប្អូនអ្នកមករកសេវាគឺដាក់នៅកន្លែងនេះ ហើយមកយកឯកសារវិញនៅកន្លែងនេះ ដោយកំណត់តំលៃសេវា និងពេលវេលាច្បាស់លាស់ គ្មានការសូកប៉ាន់ក្រោមតុ លើតុខុសនីតិវិធីនោះឡើយ។

លោកអភិបាលរងថ្លែងថា «កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានចេញអាជ្ញាប័ណ្ណឲ្យបងប្អូនអាជីវករប្រកបអាជីវកម្ម (Internet Café) ជាង១០០ទីតាំង ក្នុងរាជធានីភ្នំពេញ។ តែទីតាំងខ្លះ ក្រោយពីទទួលបានអាជ្ញាបណ្ណ័ហើយ បែរជាទៅប្រកបរបរខុសច្បាប់ ដូចជា៖ ដាក់ហ្គេមបាញ់ត្រី, ដាក់ភ្នាល់បាល់ ផ្សាយផ្ទាល់ជល់មាន់ជាដើមដែលជាល្បែងស៊ីសងខុសច្បាប់»

លោកបន្តថា ការចេញអាជ្ញាប័ណ្ណឲ្យបងប្អូនគឺអោយរកស៊ីត្រឹមត្រូវស្របច្បាប់ តែបើបងប្អូនទៅប្រព្រឹត្តខុសគោលដៅត្រូវប្រឈមចំពោះមុខច្បាប់ដដែល។ លោកអភិបាលរង បានណែនាំដល់អាជ្ញាធរ សមត្ថកិច្ចត្រូវសហការឲ្យបានជិតស្និតជាមួយមន្ទីរព័ត៌មានរាជធានី ភ្នំពេញក្នុងការតំរង់ទិសអាជីវកម្ម (Internet Café) ឲ្យស្របច្បាប់ និងការណែនាំរបស់អាជ្ញាធរ៕