(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យមើលស្ថានភាពគ្រោះរាំងស្ងួត នៅឃុំតាលោក ស្រុកតាលោសែនជ័យ និងឃុំរំលេច ស្រុកបាកាន។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ផ្ទៃដីស្រូវវស្សាដើមរដូវចំនួនជាង ២៨ពាន់ហិកតា កំពុងប្រឈបបញ្ហាខ្វះទឹក ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន៣១២ហិកតា ក្នុងស្រុកបាកាន។
ដោយឡែកស្រុកតាលោសែនជ័យ ផ្ទៃដីរាំងស្ងួតសរុបជាង៣០ពាន់ហត ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ១,៣៧២ហត។ ដោយឡែក លោកមេភូមិបួរច្រេស បានឲ្យដឹងថា ដោយសារតំបន់នេះគ្មានប្រឡាយទឹក ហើយភ្លៀងធ្លាក់មិនគ្រប់គ្រាន់នៅដើមរដូវនេះ ធ្វើឲ្យផ្ទៃដីស្រូវវស្សាដែលស្ថិតក្នុងភូមិនេះ មានចំនួន១៨០ហិកតា ត្រូវបានទទួលរងនូវគ្រោះរាំងស្ងួត។

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែង នៃគ្រោះរាំងស្ងួតនៅភូមិបូរច្រេស ឃុំតាលោក ស្រុកតាលោសែនជ័យ លោករដ្ឋមន្ត្រី វេង សាខុន មានក្តីសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមានផែនការ ធ្វើការពង្រីកការស្រោចស្រពមកកាន់តំបន់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

លោករដ្ឋមន្ត្រីបានជួយដោះស្រាយបញ្ហាចំពោះមុខបន្ទាន់ ដោយលោកបានជួយឧបត្ថម្ភប្រេងចំនួន៤០០លីត្រ សម្រាប់ធ្វើការបូមបាចទឹកតាមលទ្ធភាព ជួយសង្គ្រោះសន្ទូង។

លោករដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរចុះតាមដានស្ថានភាពជាប់ជាប្រចាំ ហើយក៏គួរសិក្សាពីលទ្ធភាពប្តូរមុខដំណាំខ្លះ ដែលប្រើប្រាស់ទឹកតិច ហើយកសិករក៏គួរត្រៀមពូជទុកសាបព្រួសឡើងវិញ បន្ទាប់ពីមានទឹកគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀងនៅឆ្នាំខាងមុខ។

បន្ទាប់មកនៅថ្ងៃដដែលនោះ លោករដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកខេត្តបាត់ដំបង ដើម្បីចុះពិនិត្យ មើលស្ថានភាពគ្រោះរាំងស្ងួត នៅភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សី។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ផ្ទៃដីស្រូវវស្សាដើមរដូវ (ស្រូវស្រាល និងស្រូវកណ្តាល) ចំនួនជាង១៥ពាន់ហិកតា កំពុងប្រឈមបញ្ហាខ្វះទឹក ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួនជាង ១ពាន់ហិកតា។ ឆ្នាំ២០១៩ នេះមន្ទីរមានផែនការដាំដុះដំណាំស្រូវ ជាង៣០ម៉ឺនហត បច្ចុប្បន្នទូទាំងខេត្តផ្ទៃដីជាង១៩ពាន់ហិកតា ហើយក្នុងនោះជាង៣០% កំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ ប្រភពទឹក និងប្រឡាយទឹកមេមួយចំនួនត្រូវបានគោក ហួតហែង ដែលជាឧបសគ្គក្នុងការធ្វើអន្តរាគមន៍បូមទឹកជួយសង្គ្រោះសន្ទូង ដែលនៅជាប់តំបន់ នោះ។

ពិនិត្យជារួមស្ថានភាពគ្រោះរាំងស្ងួតនៅទីនេះ មិនខុសពីខេត្តពោធិ៍សាត់ទេ, លោកបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធចុះតាមដានស្ថានការណ៍នេះ ឲ្យបានជាប់ជាប្រចាំដើម្បីប្រមូល និងគ្រប់គ្រងតួលេខប៉ះពាល់ឲ្យបានច្បាស់លាស់ត្រឹមត្រូវ និងជាពិសេសស្វែងរកប្រភពទឹក ដើម្បីរិះរកមធ្យោបាយគ្រប់បែបយ៉ាង ជាពិសេសដោះស្រាយពូជ សម្រាប់ធ្វើការស្តារឡើងវិញ ជូនប្រជាកសិករឲ្យបានទាន់ពេលវេលា ក្នុងករណីគ្មានភ្លៀងប៉ុន្មានថ្ងៃខាងមុខនេះ៕