(កោះកុង)៖ លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងលោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយក្រុមហ៊ុនដឹកសំរាម បន្តចុះពិនិត្យនៅស្ថានភាពដែលមានភ្លៀងធ្លាក់រយៈប៉ុន្មានថ្ងៃ ដោយសារទទួលរងនៅឥទ្ធិពលសម្ពាធទាប ធ្វើឲ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ និងនៅតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ដើម្បីបញ្ជៀសទឹកទាំងនេះ ឲ្យហូរចូលសមុទ្រវិញ ក្រោយលិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

លោក ឈឹម ចិន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «រយៈពេលប៉ន្មានថ្ងៃនេះ ឃើញថា សម្រាប់ខេត្តកោះកុង មានភ្លៀងធ្លាក់ជាច្រើន ក្រោមឥទ្ធិពល នៃអាកាសធាតុ មានសម្ពាធទាបហើយនាំទាំងភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យមានការលិចចូលក្នុងលំនៅដ្ឋានប្រជាពលរដ្ឋ និងលិចតាមដងផ្លូវសាធារណៈ ក្នុងក្រុងខេមរភូមិន្ទស្ទើគ្រប់តាមដងផ្លូវ»។

លោក ឈឹម ចិន បានថ្លែងបន្តថា «អ្វីដែលសំខាន់នោះ គឺពលរដ្ឋយើងមិនមានទទួលរងគ្រោះដល់អាយុជីវិត ហើយគ្មានអ្វីខូចខាតធំដុំនោះទេ ខូចខាតតែផលដំណាំបន្តិចបន្តួចប៉ុណ្ណោះ ហើយ២-៣ថ្ងៃនេះ អាជ្ញាធរ និងចៅសង្កាត់ ចុះកាយផ្លូវទឹកមើលប្រព័ន្ធលូគ្រប់ទីតាំង ដើម្បីបញ្ជៀសទឹក ឲ្យហូរបានលឿនចូលទៅសមុទ្រ និងប្រមូលកាកសំណល់សំរាមយកទុកនៅទីតាំងចាក់សំរាម»។

លោកបានបញ្ជាក់ថា នៅពេលអាកាសធាតុរាំងបន្តិច ហើយទឹកបានស្រកចុះនោះ អាជ្ញាធរក្រុងនឹងដាក់អេស្កាវ៉ាទ័រ ចូលកាយឲ្យបានផ្លូវទឹកធំ ហូរបានលឿនចូលទៅក្នុងសមុទ្រ។ លោកក៏សូមអំពាវរនាវដល់ប្រពលរដ្ឋទូទាំងខេត្ត កុំបោះសំរាមចូលប្រព័ន្ធលូនាំឲ្យកកស្ទះ ហើយសូមកុំរំលោភយកដីអូរជាបណ្តាញផ្លូវទឹកហូរ និងសូមឲ្យបងប្អូនចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីសោភ័ណ្ឌភាពខេត្ត និងសុខភាព និងបំបាត់ជម្រកមូសខ្លាដែលបង្កជំងឺគ្រុនឈាម៕