(សៀមរាប)៖ អ្នកគ.ថ្លង់សរុបចំនួន៥០នាក់ ដែលអ្នកខ្លះបានក្លាយជាអ្នកគ្រប់គ្រងតាមផ្នែក នៃសណ្ឋាគារនោះ ត្រូវបានក្រុមហ៊ុនសណ្ឋាគារ ជីអេនហ្ស៊ី (G&Z Investment Group) ផ្តល់ឱកាសការងារដូចគ្នាទៅនឹងអ្នកមានកាយសម្បទាគ្រប់គ្រាន់ដែ។

ម្ចាស់សណ្ឋាគារនេះ បានប្រកាន់នូវគោលការណ៍ជ្រើសរើសយុវជនគ.ថ្លង់ពី២៥-៣០% នៃចំនួនបុគ្គលិកសរុប ដែលបម្រើការងារក្នុងសណ្ឋាគាររបស់ខ្លួន។

លោក យឹង សារ៉ាត់ នាយកក្រុមហ៊ុនសណ្ឋាគារ ជីអេនហ្ស៊ី បានឲ្យដឹងថា មានហេតុផលដ៏ត្រឹមត្រូវមួយចំនួន ដែលក្រុមហ៊ុនរបស់លោកទទួលបុគ្គលិកគ.ថ្លង់ឲ្យមកធ្វើការ ហើយពួកគាត់ត្រូវបានទទួលប្រាក់ខែពី១៥០ដុល្លារ ដល់៣៥០ដុល្លារ តាមជំនាញ និងទំហំការងាររបស់ខ្លួន។

លោកបញ្ជាក់ដែរថា គ្រប់រូបនៃបុគ្គលិកគ.ថ្លង់ទាំងអស់ គឺមានភាគហ៊ុន៨% ដោយស្វ័យប្រវត្តិក្រោយពេលបានចូលបម្រើការងារជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ត្រូវបានបរិច្ចាគទឹកប្រាក់ចំនួន២%បន្ថែមទៀត សម្រាប់ការងារសង្គម ដែលទាក់ទងទៅនឹងការជួយដល់ជនពិការគរ.ថ្លង់ផងដែរ។

លោកថា មានមនុស្សច្រើនណាស់ ដែលមានចម្ងល់ថា តើក្រុមហ៊ុនធ្វើការជាមួយជនគរ.ថ្លង់យ៉ាងដូចម្តេច? តាមពិតបុគ្គលិកគ.ថ្លង់ ក៏ដូចជាមនុស្សធម្មតាដែរ គ្រាន់តែពួកគេខ្វះកាយសម្បទាមិនអាចនិយាយបាន ឬស្ដាប់ឮតែប៉ុណ្ណោះ តែពួកគាត់អាចសរសេរបាន ហើយពួកគាត់ក៏មានសមត្ថភាពពិសេស បំពេញការខ្វះចន្លោះនោះផងដែរ ដូចជាមានភាពស្មោះត្រង់ ឈ្លាសវៃ រហ័សរហួន និងព្យាយាមអំណត់។

លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនបានព្យាយាមប្រើប្រាស់វិធីសាស្រ្តជាច្រើន ជាមួយនឹងបទពិសោធន៍ផងដែរ ដែលអាចធ្វើឲ្យក្រុមហ៊ុន ធ្វើការបានយ៉ាងល្អជាមួយពួកគាត់ ហើយនឹងមានមោទនភាពដោយសារតែពួកគាត់ បានកែប្រែជីវិតរស់នៅក្នុងសង្គម ក្នុងតម្លៃមួយយ៉ាងល្អប្រសើរ។ ទាំងនេះហើយដែលក្រុមហ៊ុនយើង មានគោលការណ៍ដ៏ជាក់លាក់ គឺមិនត្រូវបោះបង់អ្នកគ.ថ្លង់នោះឡើយ ពួកគាត់ក៏មានសមត្ថភាពដូចមនុស្សធម្មតាដែរ សំខាន់គឺការផ្តល់ឱកាសសម្រាប់ពួកគាត់ ដែលនេះជាចំណែកមួយ ជួយអភិវឌ្ឍន៍ដល់សង្គមជាតិ។

លោកបន្តទៀតថា សម្រាប់ពេលខាងមុខ គឺក្រុមហ៊ុនមានគោលការណ៍ជ្រើសរើសយកយុវជនគ.ថ្លង់ បម្រើការងារក្នុងក្រុមហ៊ុនប្រមាណជា១៥០នាក់ផងដែរ។

កញ្ញា ជន់ ចំរើន ដែលជាយុវតីគ.ថ្លង់ មានតួនាទីជាអ្នកគ្រប់គ្រងភោជនីយដ្ឋានរបស់ក្រុមហ៊ុនសណ្ឋាគារ ជីអេនហ្ស៊ី បានបង្ហាញអារម្មណ៍រីករាយ និងមានភាពកក់ក្តៅ ដែលក្រុមហ៊ុនបានទទួលយុវជន/យុវតីគ.ថ្លង់ឲ្យចូលបម្រើការងារ។

តាមរយៈអ្នកបកប្រែភាសាកាយវិការ កញ្ញាសំណូមពរថា ខ្លួនពិតជាមានបំណង និងចង់ឲ្យក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុនទេសចរណ៍ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្មនានាជាដើមនោះ សូមព្យាយាមជួយផ្ដល់ឱកាសការងារដល់យុវជន/យុវតីគ.ថ្លង់ ដែលមិនទាន់មានការងារ ឲ្យបានចូលបម្រើការងារ ដូចមនុស្សទូទៅផង ព្រោះអ្នកខ្លះកំពុងស្ថិតនៅក្នុងការសិក្សានៅឡើយ ហើយពេលរៀនចប់ពួកគាត់ពិតជាត្រូវការការងារធ្វើ ដើម្បីបានផ្គត់ផ្គង់ជីវភាពខ្លួនឯង និងគ្រួសារ ហើយបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិផងដែរ។

កញ្ញាបានបន្ថែមឲ្យដឹងថា ពួកគាត់បានរៀនសូត្រទាំងចំណេះទូទៅ និងអ្នកខ្លះទៀតក៏បានរៀនសូត្រនូវជំនាញ និងភាសាបរទេសផងដែរ ហើយអ្នកខ្លះអាចចេះអាន ចេះសរសេរ និងប្រើភាសាសញ្ញាបានរហូតដល់ពីរ-បីភាសា ពិសេសភាសាអង់គ្លេស។ ហើយការផ្ដល់ឱកាសការងារដល់អ្នកគ.ថ្លង់ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយសិទ្ធិជនពិការ និងបានធ្វើឲ្យជីវិភាពពួកគាត់គ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ មានការរីកចម្រើនមួយផ្នែកផងដែរ៕