(ភ្នំពេញ)៖ ក្រុមហ៊ុន Confluences និងក្រុមហ៊ុន Belaws បានសហការគ្នាផ្ដល់សេវាកម្មផ្សេង ព្រមទាំងសេវាកម្មផ្នែកច្បាប់ ដល់អ្នកជំនួញមកពីបណ្ដាប្រទេសផ្សេងៗ ដែលគ្រោងនឹងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Confluences ជាក្រុមហ៊ុនផ្តល់សេវាកម្មពេញលេញ ដល់អតិថិជនដោយផ្ទាល់ ឬតាមរយៈភាគីទី២ ដើម្បីបំពេញសេវាកម្មផ្សេងៗជូនអតិថិជន ដូចជាបញ្ហាផ្នែកច្បាប់ជាដើម។ ដោយឡែកសម្រាប់ក្រុមហ៊ុន Belaws ជាភ្នាក់ងារមួយផ្ដល់សេវាកម្ម តាមរយៈប្រព័ន្ធអនឡាញយ៉ាងមានប្រសិទ្ធភាព ក្នុងការជួយសម្រួល និងពន្លឿនកាងារឲ្យកាន់តែ ឆាប់រហ័សជូនអតិថិជន។

លោក កេប៊ីន សូរស្មី ប្រធានក្រុមហ៊ុន Confluences បានពន្យល់ថា ការសហការដៃគូទាំងពីនេះ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អ្នកវិនិយោគិនបរទេស ដែលមានបំណងចង់ចូលមកវិនិយោគនៅកម្ពុជា មានន័យថា ពីមុនគ្រប់ក្រុមហ៊ុនមានបំណងចង់ចូលមក វិនិយោគនៅក្នុងប្រទេសកម្ពុជា ត្រូវចុះមកពិនិត្រដោយផ្ទាល់ថា ក្រុមហ៊ុននោះបែបណា? ប៉ុន្ដែពេលសហការជាមួយនឹងក្រុមហ៊ុន Belaws វិនិយោគិនមិនចាំបាច់ចុះមកផ្ទាល់នោះទេ គ្រាន់តែចូលឆែកមើលក្នុងវេបសាយរបស់ Belaws និងវាយឈ្មោះក្រុមហ៊ុនដែលខ្លួន ចង់មកសហការជាការស្រេច។

លោកបានបន្ថែមថា ពីមុនពេលក្រុមហ៊ុនពីបណ្ដាប្រទេស ចូលមកវិនិយោគតែងតែចុះមកផ្ទាល់ ដល់ក្រុមហ៊ុន Confluences ដោយចុះទៅមើលដល់ទីតាំងក្រុមហ៊ុន ដែលចង់វិនិយោគជាដើម។ ប៉ុន្ដែនៅពេលសហការគ្នានេះ ដៃគូអាជីវកម្មទាំងអស់ មិនចាំបាច់ចុះមកដោយផ្ទាល់ទៀតឡើយ ដោយគ្រាន់តែឆែកមើលនៅក្នុង Belaws អំពីព័ត៌មានរបស់ក្រុមហ៊ុននីមួយៗ បន្ទាប់ពីស្រាវជ្រាវរួចរាល់ហើយ សូមចុះមកដល់ក្រុមហ៊ុន Confluences ដើម្បីបំពេញកិច្ចការនានា ក្នុងការសហការជាការស្រេច។

លោកបានបញ្ជាក់ កត្តាដែលនាំឲ្យក្រុមហ៊ុនទាំង២សហការគ្នា ដោយសារតែក្រុមហ៊ុន Confluences ជាក្រុមហ៊ុនដែលទំនាក់ទំនងក្រុមហ៊ុនពីបរទេស ដើម្បីមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងសម្រាប់ការសហការគ្នា វាងក្រុមហ៊ុនទាំងនេះ នឹងជួយកាត់បន្ថយពេលវេលា និងចំណេញថវិកា ព្រមទាំងបង្ករភាពងាយស្រួល ដល់អ្នកដែលចង់មកវិនិយោគ។

លោកបន្ថែមថា ការសហការគ្នានេះនឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ នៅក្នុងប្រទេសកម្ពុជា ដោយអាចទំនាក់ទំនងវិនិយោគិនពី បរទេសឲ្យច្រើនចូលមកវិនិយោគ។

លោក Vincent Birot ប្រធានក្រុមហ៊ុន Belaws បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន Belaws ជាក្រុមហ៊ុនដែលផ្ដោតសេវាកម្ម ដល់ភ្ញៀវដែលមានបំណងយល់អំពីច្បាប់ និងត្រូវការមេធាវី ដើម្បីការពារក្រុមហ៊ុនរបស់ខ្លួន ដែលបានចូលទៅវិនិយោគនៅ តាមបណ្ដាប្រទេសផ្សេងៗ។

 លោកបន្ថែមថា មួយវិញទៀតក្រុមហ៊ុន Belaws ចង់ផ្សារភ្ជាប់ទំនាក់ទំនង ជាមួយនឹងផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជា និងចង់បង្ហាញអ្នកច្បាប់ទាំង២ប្រទេស ឲ្យយល់កាន់តែច្បាស់ ក្នុងការសហការគ្នាទៅវិញទៅមក ដើម្បីឲ្យជំនាញនៃច្បាប់ល្អជាងមុន ព្រមទាំងចង់បញ្រ្ចាប់ចំណេះដឹង ដល់ប្រជាពលរដ្ឋកម្ពុជាថា នៅពេលដែលធ្វើជំនួញរវាងបណ្ដាប្រទេសជាដៃគូរ និងមិនមានភាពភ័យខ្លាចនោះឡើយព្រោះថា ច្បាប់នៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Belaws បានសហការគ្នាទៅវិញទៅមក ដោយមិនមានកង្វល់ ឬហានីភ័យក្នុងការធ្វើជំនួញនៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្រុមហ៊ុន Belaws បានសហការជាមួយនឹងបណ្ដាក្រុមហ៊ុនជាច្រើន ក្នុងពិភពលោករួមមាន៖ ប្រទេសថៃ, ប្រទេសវៀតណាម, ហុងកុង, ប្រទេសបារាំង, សិង្ហបុរី និងប្រទេសកម្ពុជា៕