(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្ដប្រតិបត្តិការក្ដៅ ដោយចាប់យានយន្ដដែលចតតាមផ្លូវគ្មានសណ្ដាប់ធ្នាប់ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីហៅម្ចាស់មកអប់រំណែនាំ។

ប្រតិបត្តិការដែលធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សមត្ថកិច្ចបានចាប់យានយន្ដសរុប១៦គ្រឿង ក្នុងនោះរថយន្ដ៥គ្រឿង ម៉ូតូ១០គ្រឿង និងម៉ូតូកង់បី១គ្រឿង។

ជុំវិញប្រតិបត្តិការនេះ លោក គួច ចំរើន ធ្លាប់បានបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យយានយន្ដទាំងអស់នោះ ភ្ញាក់ស្មារតីឡើងវិញក្នុងការប្រើប្រាស់ផ្លូវសាធារណៈ ពិសេសការចតត្រូវតែមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍៕