(ភ្នំពេញ)៖ លោក ឈុន សុភ័ក្រ តំណាងលោកស្រី ទាវ ធីតា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងជាភរិយារបស់លោក ថោង សារ៉ាត់ ព្រមទាំងក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្តល់អំណោយសប្បុរសធម៌ ជូនដល់បុរសកើតជំងឺរបេងធ្ងន់ធ្ងរម្នាក់ រស់នៅរស់នៅកោះសូទិន ខេត្តកំពង់ចាម។

បុរសកើតជំងឺរបេងធ្ងន់ធ្ងររូបនោះមានឈ្មោះ ឈ្មោះ ឡាន ទ្រី មានជំងឺរបងធ្ងន់ធ្ងរ (ស៊ីដល់គ្រឿងក្នុង និងរាលដាលដល់ស្បែកសព្វទាំងដងខ្លួន) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) និងត្រៀមយកទៅគេហដ្ឋានវិញ ដោយសារតែជំងឺរបស់គាត់បានដល់ដំណាក់កាលចុងក្រោយហើយ។

អំណោយសប្បុរសធម៌របស់លោកស្រី ដែលបានផ្តល់ជូនដល់គ្រួសារលោក ឡាន ទ្រី ទទួលបានថវិការចំនួន១លានរៀល។ លោក ឈុន សុភ័ក្រ បានលើកឡើងថា ការជួយជាអំណោយមនុស្សធម៌របស់ លោកស្រី ទាវ ធីតា នាពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាកដល់គ្រួសាររបស់លោក ឡាន ទ្រី ដែលកំពុងជួបការលំបាក ដោយសារជំងឺកាចសាហាវមួយនេះ។

ជានិច្ចកាលលោកស្រី ទាវ ធីតា ភរិយាលោក ថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រទៅតាមលទ្ធភាពដែលលោកស្រី និងក្រុមគ្រួសារមាន។

ក្នុងឱកាសផ្តល់អំណោយសប្បុរសធម៌នេះផងដែរ លោកស្រី ទាវ ធីតា និងស្វាមី ក៏បានសម្តែងការសោកស្តាយ ហើយបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវចេះថែរក្សាសុខភាព ឲ្យបានល្អប្រសើរ និងជៀសឲ្យឆ្ងាយពីការសេពគ្រឿងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាក់ស្តែងដូចជា ការកើតជំងឺរបេងនាពេលនេះផងដែរ៕