(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានគណៈពង្រឹងស្រុកព្រៃឈរ បានសម្តែងការសាទរ និងកោតសរសើរចំពោះស្នាដៃ ក៏ដូចជាសមិទ្ធផលនានា របស់គណៈកម្មការគណបក្សមូលដ្ឋាន និងបានស្នើមន្ត្រី និងសមាជិក សមាជិកា បន្តប្រឹងប្រែងអនុវត្តអនុសាសន៍គន្លឹះ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

នាឱកាសអញ្ជើញជាគណ:អធិបតីភាពជាមួយ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ក្នុងពិធីផ្ទេរតំណែង ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ពីលោក ទេព រាមមុនី ទៅកាន់លោក ឡោ ចាន់លី ដែលរៀបចំឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះស្រុកព្រៃឈរ ដែលអនុវត្តសម្រេចបានជោគជ័យ ក្នុងអាណត្តិបោះឆ្នោតកន្លងមក ស្របតាមបំណងប្រាថ្នារបស់គណៈកម្មការអចិន្ត្រៃយ៍គណបក្ស ស្តីពីការរក្សាសម្លេង និងបង្កើនភាពឈ្នះ នៅគ្រប់ការបោះឆ្នោត។

«ខ្ញុំសូមអរគុណក្រុមការងារថ្នាក់កណ្ដាលគ្រប់លំដាប់ថ្នាក់ ដែលបានជួយដឹកនាំ និងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅទូទាំងស្រុកព្រៃឈរ ធ្វើឱ្យសម្រេចបាននូវជ័យជម្នះ និងសមិទ្ធផលធំធេង ដូចបានជម្រាបជូនខាងលើ»។ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

លោកប្រធានក្រុមការងារ ក៏បានលើកយកអនុសាសន៍គន្លឹះរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីប្រកាសផ្ទេរមុខតំណែង ប្រធានគណបក្សខេត្តកំពង់ចាម កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីរម្លឹកប្រាប់សមាជិក សមាជិកា យកចិត្តទុកដាក់អនុវត្តទិសដៅការងារឱ្យបានល្អ ក្នុងស្មារតីស្នេហាជាតិ ស្រឡាញ់គណបក្ស និងប្រជាជន។

បន្ថែមលើនោះទៀត ឯកឧត្តមប្រធាន ក៏បានស្នើអង្គពិធីទាំងមូល ជាពិសេសប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរថ្មី ពង្រឹងការអនុវត្តការងារដូចខាងក្រោម៖

- ត្រូវផ្សារភ្ជាប់ខ្លួន រួមសុខ រួមទុក្ខជាមួយប្រជាជន និងត្រូវស្ដាប់មតិមហាជន ចេះត្រួតពិនិត្យខ្លួនឯងជាប្រចាំ ដើម្បីកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។
- ត្រូវបន្តពង្រឹងសាមគ្គីភាព និងការឯកភាព ព្រោះជាកត្តាកំណត់អំពីជ័យជម្នះរបស់គណបក្ស។
- រក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ។
- ខំប្រឹងរក្សាឯករាជ្យ និងអធិបតេយ្យភាពជាតិ ដែលជាគុណតម្លៃដ៏វិសេសវិសាល ដើម្បីធានាអត្តភាពជាតិ និងត្រូវទប់ស្កាត់ឱ្យបាននូវការជ្រៀតជ្រែក និងរំលោភបំពានពីមជ្ឈដ្ឋានខាងក្រៅ។
- គ្រប់កាលៈទេសៈ ត្រូវប្រកាន់ភ្ជាប់ជំហរធ្វើម្ចាស់ ជឿលើកម្លាំង និងការខិតខំប្រឹងប្រែងរបស់ខ្លួនឯង ព្រោះភាពរឹងមាំនៃកត្តាខាងក្នុង គឺជាមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រនានា។
- ត្រូវខិតខំពង្រីក ពូនជ្រំចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ឱ្យកាន់តែរឹងមាំ និងបន្តចូលរួមយ៉ាងសកម្មក្នុងវេទិកា និងកិច្ចការអន្តរជាតិសំខាន់ៗ៕