(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់កាំភ្លើងត្បាល់សរុប ១០គ្រាប់ កប់ក្នុងដីចំការនៅទីតាំង ២កន្លែងផ្សេងគ្នា នៅតំបន់អតីតសមរភូមិសង្រ្គាម ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន ចុះទៅប្រមូលយកដើម្បីរក្សាទុករង់ចាំប្រគល់ឲ្យមន្រ្តីស៊ីម៉ាក យកទៅបំផ្លាញចោល បញ្ចៀសគ្រោះថ្នាក់អាយុជីវិត ប្រជាពលរដ្ឋជាយថាហេតុ អាក្រក់ណាមួយកើតឡើង។

ការប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចដីចំការដំឡូងមីមួយកន្លែង ក្នុងភូមិពន្សាយជើង ឃុំស្វាយចេក និងចំណុចដីចំការមួយកន្លែងទៀតនៅភូមិអូរវែងជើង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ១០គ្រាប់ខាងលើ គឺគ្រាប់មីនស្គរប្រឆាំង និងមនុស្សមាន៩គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់១គ្រាប់ ប្រភេទ១៣០មីលីម៉ែត្រ។ ការប្រទះឃើញគ្រាប់ទាំងនោះ មានប្រជាពលរដ្ឋ២នាក់ ទៅធ្វើដីចំការដំឡូងមី និងធ្វើស្រែប្រទះឃើញ ខណៈដែលមានការដកស្មៅដំឡូងមី និងភ្ជួររាស់ដី។

លោកអធិការ បានបញ្ជាក់ទៀតថា គ្រាប់ទាំងនោះ បានយកមករក្សាទុកកន្លែងសុវត្ថិភាព ហើយ ដើម្បីរងចាំប្រគល់ឲ្យមន្រ្តីជំនាញស៊ីម៉ាក យកទៅកំទេចចោល។

សូមរំលឹកថា នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែកក្កដា កន្លងទៅនេះ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាប្រភេទគ្រាប់ប្រឆាំង និងយន្តហោះ និងគ្រាប់ប្រឆាំង និងមនុស្សចំនួន ៤១៤គ្រាប់ ទៅឲ្យមន្រ្តីជំនាញដោះមីនហេឡូត្រាក់ ដើម្បីយកទៅរក្សាទុកនៅកន្លែងសុវត្ថិភាព។ ក្រោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រុក បានប្រទះឃើញគ្រាប់ទាំងនោះ កប់ក្នុងដីចំការមួយកន្លែង ដែលជាអតីតបន្ទាយកងទ័ព ក្នុងតំប់អតីតសមរភូមិសង្រ្គាម ក្នុងភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

សូមបញ្ជាក់ថា កម្ពុជាទោះបី បញ្ចប់សង្រ្គាមទាំងស្រុងនោះក៏ពិតមែន ប៉ុន្តែគ្រាប់មីន និងកាកសំណល់សង្រ្គាម នៅតែមានកប់រាយប៉ាយ នៅក្នុងនិងលើដី ក្នុងតំបន់ដែលមិនទាន់ធ្វើការបោសសំអាតរួចរាល់ ដែលជាបញ្ហាប្រឈមបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ។ ជុំវិញបញ្ហានេះ កម្ពុជានៅមានផ្ទៃដីរងនូវការគម្រាម ពីមីន និងគ្រាប់មិនទាន់ផ្ទុះ ប្រមាណ២ពាន់១៤៨គីឡូម៉ែត្រក្រឡា៕

រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែល ធ្វើឲ្យកម្ពុជាអស់ការគម្រាមកំហែង ដោយសារមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ បានបង្ហាញឲ្យដឹងថា កម្ពុជាក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៩ ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ពីសង្រ្គាមមានចំនួន៦១នាក់ ដែលចំនួននោះ មានការកើនឡើង៣០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ដែលមានជនរងគ្រោះ ចំនួនតែ៣១នាក់ប៉ុណ្ណោះ៕