(ភ្នំពេញ)៖ ឆ្លើយតបនឹងការដុតបំផ្លាញមធ្យោបាយដឹកឈើ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា វិធានការក្តៅមួយនេះត្រូវបានធ្វើឡើងដោយមិនបានឃ្លាតឆ្ងាញពីច្បាប់នោះឡើយ ហើយក៏បានអប់រំជាច្រើនលើក ច្រើនសាររួចហើយ ទើបឈានដល់ការដុតបំផ្លាញ។

ការលើកឡើងរបស់លោក អេង ហ៊ី ខាងលើនេះធ្វើឡើងនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានថ្លែងថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញវិធានការមួយចំនួន ជាដំបូងឡើយមានការពាក់ព័ន្ធ ជាមួយនឹងប្រជាពលរដ្ឋ ដែលរកស៉ីប្រើប្រាស់ឈើ ហើយដូចអ្នកខ្លះក៏ដឹកឈើរូបភាពជាម៉ូតូ គោយន្ត មានតាំងពីរទេះគោ រទេះក្របី។ ការដឹកឈើត្រូវបានប្តូរពីរូបភាពធំមកតូច ដូច្នេះនៅពេលដែលសមត្ថកិច្ចបង្ក្រាប មានមតិសាធារណៈជនលើកឡើងថា បង្ក្រាបតែប្រជាពលរដ្ឋតូចតាច មិនបង្ក្រាបធំៗ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណុចនេះខ្ញុំធ្លាប់បានបញ្ជាក់ជូនសាធារណៈជនផងដែរ ដោយសារធំៗ យើងបង្ក្រាបអស់ហើយ អត់មានទៀតទេ ក៏ប៉ុន្តែមានតែអ្នកដឹកតាមម៉ូតូ អញ្ចឹងវិធានការរបស់គណៈកម្មការជាតិ យើងផ្សព្វផ្សាយច្បាប់ ដើម្បីឲ្យពួកគាត់ជ្រួតជ្រាបអំពីច្បាប់ ទាំងច្បាប់ព្រៃឈើ ទាំងច្បាប់ពាក់ព័ន្ធនឹងបរិស្ថាន ហើយយើងធ្វើវិធានការអប់រំ ចុះកិច្ចសន្យា ដកហូតតែឈើឲ្យមធ្យោបាយគាត់ទៅវិញ។ ក៏ប៉ុន្តែយើងសង្កេតឃើញថា ទោះបីជាមានវិធានការអប់រំ ផ្សព្វផ្សាយ និងបង្ក្រាបជាបន្តបន្ទាប់ក៏ដោយ បទល្មើសព្រៃឈើនៅតែមាន»

លោកបន្តថា «អញ្ចឹងបានជាថ្ងៃទី០៨ គណៈកម្មការជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីឲ្យសាធារណៈជន ក៏ដូចជាក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធសូមបញ្ឈប់ជាបន្ទាន់។ នៅក្នុងវិធានការនោះ បានបញ្ជាក់២ចំណុចសំខាន់ៗ ទីមួយយើងអនុវត្តន៍ច្បាប់តឹងរ៉ឹងចំពោះបុគ្គល និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ទីពីរមធ្យោបាយដូចជា ម៉ូតូ រថយន្ត គោយន្ត និងផ្សេងៗទៀត គឺត្រូវតែបំផ្លាញចោល ប៉ុន្តែការបំផ្លាញចោលនោះ គឺយើងសុំទៅអាជ្ញាធរ ដែលមានសមត្ថកិច្ច»

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានរំលឹកពីទិន្នន័យឈើ ដែលត្រូវបានបង្ក្រាបចំនួន៣ ដំណាក់កាលតាំងពីឆ្នាំ២០១៦។ លោកថ្លែងថា នៅដំណាក់ទី១ កាលដើមឆ្នាំ២០១៦នោះ សមត្ថកិច្ចបង្ក្រាបបានជាង ៧ម៉ឺនម៉ែត្រគូប។ ឈើទាំងអស់ត្រូវបានដាក់ឲ្យដេញថ្លៃ និងពិគ្រោះថ្លៃជាសាធារណៈ ហើយយកថវិកានោះបម្រើក្នុងវិស័យអប់រំ។ ដំណាក់កាលទី២ សមត្ថកិច្ចបង្ក្រាបបានជាង ៣ម៉ឺនម៉ែត្រគូបដែរ ហើយក៏បានដេញថ្លៃមួយចំនួនអស់ហើយដែរ។ ដំណាក់កាលទី៣ កាលឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបបានតែជាង ៤ពាន់ម៉ែត្រគូបប៉ុណ្ណោះ។

លោកបន្ថែមថា «អញ្ចឹងបើយើងប្រៀបធៀប ៣ដំណាក់កាលហ្នឹង យើងឃើញថាដំណាក់កាលទី៣ មានការថយចុះ ថយជាបន្តបន្ទាប់ ហើយការឃាត់ខ្លួនមនុស្សក៏ដូចគ្នាដែរ។ ខ្ញុំលើកឡើងតែ២០១៨ទេ គឺឃាត់ខ្លួន១៦៣នាក់ បញ្ជូនទៅតុលាការ៦៣នាក់ មានពិន័យអន្តរកាល មានអប់រំ ព្រោះដោយសារយោងទៅតាមច្បាប់យើង ហើយមធ្យោបាយមួយចំនួន យើងរឹបអូសយក»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការ ថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយ ដឹកជញ្ជូនបទល្មើសព្រៃឈើនៅនឹងកន្លែងតែម្តង។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើ ជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាព។

ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងអនុវត្តន៍វិធានការក្តៅ២ ដូចខាងក្រោម៖

*ទី១៖ បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។
*ទី២៖ មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ...) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។

បើតាមឧត្តមសេនីយ៍ត្រី អេង ហ៉ី ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ តាមរបាយការណ៍ សមត្ថកិច្ចបានឃាត់រថយន្ត ដែលពាក់ព័ន្ធ ជាង៤០គ្រឿង ហើយបុគ្គល០៤នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ។ ចៅក្រមស៉ើបសួរ ក៏បានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។ ចំពោះបុគ្គលដែលពាក់ព័ន្ធ ០៩នាក់ទៀត ដែលជាជនសង្ស័យ កំពុងត្រូវបានស្វែងរក ប៉ុន្តែពួកគេរត់គេចខ្លួន ដូច្នេះសមត្ថកិច្ចបានធ្វើទៅតាមនីតិវិធី គឺសុំដីកាបញ្ជាឲ្យចូលខ្លួន ពីតំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីតាមចាប់ខ្លួនគាត់ និង៣នាក់ទៀត និងកំពុងកោះហៅជាបន្តបន្ទាប់។

លោកបន្តថា «ក្នុងនោះខេត្តមណ្ឌលគិរី យើងបានស្រាវជ្រាវ ៦ក្រុមហ៊ុន... អញ្ចឹងយើងឃើញនៅមានបទល្មើស។ ចំពោះវិធានការបំផ្លាញនៅនឹងកន្លែង ដែលខ្ញុំលើកឡើងអម្បាញ់មិញនោះ គឺយើងបានបំផ្លាញរថយន្តសរុបមក គឺនៅមណ្ឌលគិរី ២១គ្រឿង នៅរតនគិរី២គ្រឿង និងនៅស្ទឹងត្រែង៦គ្រឿង... អញ្ចឹងដំណាក់កាលនេះ យើងបង្ក្រាបឈើបានជាង ១៧០០ម៉ែត្រគូប»