(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមចាត់ចែងផ្តល់ប្រាក់សំណងសរុប ៥០លានដុល្លារ ទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំង ៣៤៦នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងករណី ធ្លាក់យន្តហោះ 737 MAX របស់ខ្លួន ដែលមួយករណីកើតឡើងនៅឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងមួយករណីទៀតនៅអេត្យូពី កាលពីខែមីនា ឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ប្រាក់សំណងសរុប ៥០លានដុល្លារខាងលើ ស្ថិតក្នុងផ្នែកនៃមូលនិធិទំហំប្រមាណ ១០០លានដុល្លារ ដែលក្រុមហ៊ុន Boeing បានបង្កើតឡើងសម្រាប់ជួយទំនុកបម្រុងគ្រួសារ ក៏ដូចជាសហគមន៍នៃជនទាំងឡាយ ដែលបានស្លាប់ក្នុងសោកនាដកម្មធ្លាក់យន្តហោះទាំងពីរ ករណី។ បើតាម Boeing អ្នកជំនាញពីររូបគឺលោកស្រី ខាមីលឡេ ប៊ីរ៉ូស (Camille Biros) និង លោក ខេន ហ្វេសប៊ឺក (Ken Feinberg) នឹងទទួលបន្ទុកចាត់ចែងការផ្តល់ កញ្ចប់ប្រាក់សំណង៥០លានដុល្លារនេះ។

គួរបញ្ជាក់ថា លោក Feingberg គឺជាបុគ្គលដែលមានបទពិសោធន៍ច្រើនពាក់ព័ន្ធបញ្ហានេះ តួយ៉ាងលោកធ្លាប់បានចាត់ចែងប្រាក់សំណងសម្រាប់ជនរងគ្រោះ ដោយសារព្រឹត្តិការណ៍ មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិកជាដើម។ មកទល់ពេលនេះ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 MAX ដែលកំពុងបញ្ឈរជើងនៅជុំវិញពិភពលោក ចាប់តាំងពីខែមិនាមក មិនដឹងថាពេលណានឹងអាចបន្តប្រតិបត្តិការឡើងវិញឡើយ ដោយសារតែក្រុមជំនាញអាមេរិក នៅតែមិនទាន់អាចធានាសុវត្ថិភាពរបស់ពួកវា១០០%៕