(ប៉ៃលិន)៖ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នាព្រឹកទី១៨ ខែកក្តដា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានមន្ទីរជំនាញ រួមមានមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ ទូរគមនាគមន៍ មន្ទីរឧស្សាហកម្ម សិប្បកម្ម មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងថា ខេត្តប៉ៃលិន គឺជាខេត្តមួយស្ថិតពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ចំងាយ៣៧១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបមានចំនួន១,០៦២គីឡូម៉ែត្រការ៉េ ក្នុងនោះ ដីស្រែ៨១គីឡូម៉ែត្រការ៉េ ដីចំការ៣៧៥ម៉ែត្រការ៉េ ដីលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មាន១០៥ គីឡូម៉ែត្រការ៉េ។ រដ្ឋបាលខេត្ត ចែកចេញជាក្រុងមួយស្រុកមួយ និងមាន៤សង្កាត់ ៤ឃុំ ដែលមានមនុស្សសរុប៦៩,០៩៦នាក់ ស្រី៣៤,៤៦៨នាក់ ប្រជាពលរដ្ឋចំណាក់ស្រុក ទៅរកកាងារធ្វើនៅក្រៅប្រទេស ចំនួន៦,៣៣៥នាក់ ស្រី២,៨០៨ នាក់។

លោកអភិបាលខេត្ត បានលើកឡើងថា ខេត្តមានសក្តានុពល លើវិស័យកសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តចាន់បូរី ប្រទេសថៃ ដែលជាខេត្តជាប់ព្រំប្រទល់ ជាមួយខេត្តប៉ៃលិន ក្នុងកិច្ចការងារទំនាក់ទំនង ព្រំដែនពាណិជ្ជកម្ម ទេសចរណ៍ និងការងារចេញ-ចូល ឆ្លងកាត់ព្រំដែន របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

លោកថា ទន្ទឹមនេះ ខេត្តប៉ៃលិន ត្រូវបានក្រុមហ៊ុនបរទេសមួយចំនួន កំពុងមានការចាប់អារម្មណ៍ និងសិក្សាមកវិនិយោគ កសាងរោងចក្រប្រមូល ទិញកសិផល ពីបងប្អូនប្រជាពលរដ្ឋមាន៖ ពោត ដំឡូងមី ស្វាយកែវរមៀត មៀនប៉ៃលិន ក៏ដូចជាការវិនិយោគលើផ្នែក រម្មណីយ៍ដ្ឋានទេសចរណ៍បែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ មកស្នាក់នៅលេងកំសាន្ត នៅខេត្តប៉ៃលិន។

អភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្ត និង មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់បំពេញកាតព្វកិច្ច បម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមចក្ខុវិស័យ និងគោលនយោបាយ របស់ រាជរដ្ឋាភិបាល។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមវិញ គឺរដ្ឋបាលខេត្តរដ្ឋបាលក្រុង/ស្រុក, ឃុំ/សង្កាត់ និងស្ថាប័ន មានសមត្ថកិច្ចគ្រប់ផ្នែក មានការសហការគ្នា រក្សានិងគ្រប់គ្រងបានល្អប្រសើ ជូនដល់ប្រជាពលរដ្ឋ។

លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានថ្លែងថា កិច្ចប្រជុំនៅពេលនេះ ដើម្បីស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងខេត្តប៉ៃលិន និងស្តាប់ពីបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញចំនួន៦ មានមន្ទីរសាធាណៈការ និងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ មន្ទីរឧស្សាហកម្ម សិប្បកម្ម មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម និងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលមានបញ្ហាកន្លងមក ដើម្បីកត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និង ជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការ អនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានោះ លោកស្រី ក៏បានជំរុញដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ដែលជាប់ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង លើកិច្ចការរបស់ខ្លួនឲ្យមានគុណភាពប្រសិទ្ធភាព ដើម្បីចូលរួមកសាង អភិវឌ្ឍនខេត្ត ឲ្យមានការរីកចំរើន ទាំងធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច និងត្រូវបង្កើននូវសេចក្តីទំនុកចិត្តឲ្យបានដល់បងប្អូន ប្រជាពលរដ្ឋគ្រប់ៗគ្នាតាមរយៈការផ្តល់សេវានានា មានការធ្វើសៀវភៅគ្រួសារ អត្ដសញ្ញាប័ណ្ណ សំបុត្រកំណើត សំបុត្រ អាពាហ៍ពិពាហ៍ ការធ្វើប្លង់ដីធ្លី ការធ្វើច្បាប់សាងសងអាគារ ការផ្តល់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គិសនី និងច្បាប់ធ្វើអាជីវកម្មផ្សេងៗជាដើម។ ទន្ទឹមនឹងនេះ ត្រូវបន្តខិតខំយកចិត្តទុកដាក់ លើបញ្ហាកសិផលរបស់បងប្អូនដែលជួបបញ្ហា គឺត្រូវជំរុញដល់ក្រុមហ៊ុននានាក្នុងខេត្ត បន្តទិញកសិផលបងប្អូន ក្នុងតម្លៃសមរម្យផងដែរ៕