(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បង្កើនការដាំកូនឈើល្អៗឲ្យ បានច្រើននៅតាមតំបន់ដីទំនេរ។ លោកអភិបាលខេត្ត បានថ្លែងអំពាវនាវ ដូច្នេះនៅក្នុងពិធីបុណ្យរុក្ខទិវា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ចាម រដ្ឋបាលព្រៃឈើ ត្រូវបន្តបណ្ដុះដើមឈើឲ្យបានច្រើនថែមទៀត និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីបង្កើនការចូលរួមដាំដើមឈើ គ្រប់ស្រទាប់មហាជនពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែកើនឡើង និងត្រូវសហការរួមគ្នាបន្តដាំដុះពូជកូនឈើល្អៗ ឲ្យបានកាន់តែច្រើនឡើង បន្តបន្ទាប់លើដីទំនេរ ដូចជា ទីទួលតំបន់ ទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនគម្របពណ៌បៃតង ដ៏ស្រស់ត្រកាល នៅលើទឹកដីខេត្តកំពង់ចាមរបស់យើង។

លោក អ៊ុន ចានដា ក៏បានថ្លែងសារប្រាប់ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលចំណាកស្រុក ទៅប្រកបមុខរបរអារឈើកាប់ឈើ ប្រមូលផល អនុផលព្រៃឈើ ឬប្រមាញ់សត្វព្រៃ សូមបង្វែរនូវសកម្មភាពអវិជ្ជមានទាំងនេះ មកធ្វើការបង្កើនផលិតភាពកសិកម្ម ដាំដុះឬចិញ្ចឹមសត្វ និងការងារផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលជាជម្រើសដ៏សក្កិសិទ្ធ ដើម្បីកាត់បន្ថ យជាអតិបរមា ទៅលើសកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៃប្រទេសជាតិយើង។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច និងអង្គការដៃគូពាក់ព័ន្ធនានា ចូលរួមដាំដុះ និងការពារធនធានព្រៃឈើតាមគ្រប់រូបភាព ពីព្រោះដើមឈើដែលដុះដាល រីកចំរើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យបាននូវគម្របព្រៃឈើផលការគ្រប់គ្រងទាំងព្រៃធម្មជាតិ និងព្រៃឈើដែលបានដាំ និងការអភិវឌ្ឍក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាចលករដ៏សំខាន់ ក្នុងកិច្ចសហការ នៃការអភិវឌ្ឍលើវិស័យព្រៃឈើនេះផងដែរ៕