(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងចាត់ទុក ការរៀបចំសន្និសីទវិទ្យាសាស្រ្តថែទាំ ឆ្នាំ២០១៩ ដែលរៀបចំឡើងរយៈពេល២ថ្ងៃកន្លះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) គឺជារួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសដែលលោក និងលោក Nakyoung Oh ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទវិទ្យាសាស្រ្តថែទាំ ឆ្នាំ២០១៩។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសកម្ពុជាមានការវិវឌ្ឍគ្រប់វិស័យ។ ក្នុងនោះវិស័យសុខាភិបាល ក៏សម្រេចបានជោគជ័យសំខាន់ៗផងដែរ។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ចំពោះសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ និងសមាគមគិលានុបដ្ឋាកកម្ពុជា ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ។

បន្ថែមពីនោះ លោកសាស្រ្តាចារ្យបញ្ជាក់ថា «សន្និសីទនាថ្ងៃនេះ បានចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពបន្ថែមដល់សាស្រ្តាចារ្យ អ្នកប្រកបវិជ្ជាជីវៈថែទាំ និងនិស្សិតក្នុងផ្នែកវិទ្យាសាស្រ្តថែទាំ ពង្រីកបាននូវតម្លៃនៃវិជ្ជាជីវៈ ព្រមទាំងជួយឲ្យប្រព័ន្ធសុខាភិបាលប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងល្អប្រសើរឡើងថែមទៀត»

លោកសាស្រ្តាចារ្យបាន ថ្លែងអំណរគុណដល់សាកលវិទ្យាល័យ EWHA នៃសាធារណរដ្ឋកូរ៉េ និងអង្គការ KOICA ដែលបានសហការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រយៈពេល០៥ឆ្នាំកន្លងមកនេះ។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស បានលើកឡើងពីគោលបំណងសំខាន់របស់សន្និសីទ ដើម្បីចែករំលែកចំណេះដឹងថ្មីៗ អំពីលទ្ធផល នៃការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រថែទាំ ចែករំលែកបទពិសោធន៍ល្អៗ ទាក់ទងនឹងការបណ្តុះបណ្តាល និងការអនុវត្តវិទ្យាសាស្រ្ត ថែទាំ និងផ្តល់ឱកាសពង្រឹងសមត្ថភាពនិស្សិត និងគ្រូបង្រៀនដែលមានអាជីពជំនាញគិលានុបដ្ឋាកផងដែរ។

លោកស្រីសាស្រ្តាចារ្យ Sook Ja Yang តំណាង Ewha Womans University បានលើកឡើងថា សាកលវិទ្យាល័យ Ewha Womans និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានសម្រេចសមិទ្ធិផលមួយចំនួនក្នុងនោះរួមមាន ការអនុវត្តកម្មវិធីថ្នាក់បរិញ្ញាបត្រ ការផ្តល់មូលនិធិគាំទ្រ ដល់កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកថែទាំ និងកិច្ចខិតខំប្រឹងប្រែងក្នុងការងារស្រាវជ្រាវ ផ្នែកថែទាំនៅកម្ពុជា។ លើសពីនេះ ទៀតយើងមិនអាចសម្រេចកិច្ចការនេះ បានដោយគ្មានការ គាំទ្រពី KOICA និងមន្រ្តីរដ្ឋាភិបាលកម្ពុជាឡើយ។

លោកស្រីសាស្រ្តាចារ្យបានសង្កត់ធ្ងន់ថា ភាពជាដៃគូរបស់សាកលវិទ្យាល័យ Ewha Womans និងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល គឺតំណាងឲ្យកិច្ចសហប្រតិបត្តិការ រវាងប្រទេសកូរ៉េ និងកម្ពុជា ហើយយើងជឿជាក់ថា ភាពជាដៃគូនេះ បានផ្តល់ជាឱកាសសម្រាប់ប្រទេសទាំងពីរ ក្នុងការរីកចម្រើនទៅមុខរួមគ្នា លើផ្នែកថែទាំសុខភាពនៅកម្ពុជាដែរ។

លោក Nakyoung Oh ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាសង្ឃឹមថា សន្និសីទវិទ្យាសាស្រ្តថែទាំនឹងក្លាយជាឱកាសសំខាន់ នៅក្នុងការពង្រឹងសមត្ថភាពរបស់អ្នកជំនាញការថែទាំសុខភាព សម្រាប់ប្រជាជនកម្ពុជា

គួរជម្រាបថា ក្នុងរយៈពេល២ថ្ងៃកន្លះ នៃសន្នីសិទនេះ មានប្រធានបទបង្ហាញផ្ទាល់មាត់ និងជាផ្ទាំងបង្ហាញ Poster សរុបចំនួន១៨ ព្រមទាំងមានសិក្ខាសាលាមួយ ស្តីពីការៀបចំសំណើគម្រោងស្រាវជ្រាវ។

ក្នុងរយៈពេល០៥ឆ្នាំ ចុងក្រោយនេះ (២០១៤-២០១៨) ស.វ.ស បានបណ្តុះបណ្តាលធនធានមនុស្សផ្នែកគិលានុបដ្ឋាកកម្រិត បរិញ្ញាបត្ររងបានចំនួន១,០៥៣នាក់ និងកម្រិតបរិញ្ញាបត្របានចំនួន៧៥៣នាក់។ សមិទ្ធផលទាំងនេះ បានកើតចេញមួយផ្នែកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូនានា។ ជាក់ស្តែង ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ជាមួយ EWHA ក្នុងរយៈពេល ០៥ ឆ្នាំកន្លងមកនេះ ស.វ.ស ទទួលបានបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក បណ្តុះបណ្តាលបន្ត ពីបរិញ្ញាបត្ររង បានចំនួន ២ ជំនាន់ រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ៨៧ នាក់ ក្នុងនោះមានអាហារូបករណ៍ពីអង្គការ KOICA ចំនួន៧៥នាក់៕