(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគេប្រសិទ្ធនាម ជាមាតាមនុស្សធម៌ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា និងទេយ្យទាន រួមមានភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមវត្ត មុន្នីសុវណ្ណ ហៅវត្ត (ចំពុះក្អែក) ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌផ្សារអំពៅ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសទ្ធាជ្រះថ្លា នឹងព្រះពុទ្ធសាសនា បានប្រគេនបច្ច័យផ្ទាល់ខ្លួន និងនាំយកនូវទេយ្យវត្ថុដូចជា៖ ទឹកក្រូច ១០០កេស ទឹកសណ្ដែក៥០កេស ទឹកត្រឡាច ៥០កេស ទឹកគូលែន ៥០កេស ទឹកខារ៉ាបាវ ៥០កេស ទឹកបរិសុទ្ធ Evianតូច ៥០កេស ទឹកសុទ្ធអរុណាតូច ២០០កេស កាកាវ ៥០កេស ទឹកដោះគោខាប់២០កេស ស្ករស ១០០គីឡូក្រាម តែ២០គីឡូក្រាម មៀនកំប៉ុង ២០កេស នំធុង ១០កេស ត្រីខ ១០០កេស ត្រីងៀតផ្អែម ៥០គីឡូក្រាម សាច់ក្រក ៥០គីឡូក្រាម ឆៃប៉ូវផ្អែម ១០០គីឡូក្រាម មីយើង (១កេសធំស្មើនឹង៦កេសតូច) ចំនួន១០កេសធំ អង្គរ៣០០០គីឡូក្រាម ផ្លែឈើ ០៤កន្ដ្រក ផ្កាឈូក ០៦កន្ដ្រក ផ្កាពណ៌០៦កន្ដ្រក ផ្កាម្លិះភួងម៉ាល័យ ៥០ភួង ផ្កាម្លិះភួងធំ ៥០ភួងផងដែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧទ្ទិសផល្លានិសង្ស ដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការទាំង ៧សណ្តានផងដែរ។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។

កាយវិការដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពុទ្ធសាសនានេះ ទទួលបានការវាយតម្លៃ និងការកោតសរសើរខ្ពស់ពីព្រះសង្ឃ យាយជី តាជី និងប្រជាពុទ្ធបរិស័ទទូទៅ៕