(ភ្នំពេញ)៖ ដំណើរការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការអនុញ្ញាតឱ្យដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍រយៈពេល២ឆ្នាំ ៦ខែរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ត្រូវបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។ លទ្ធផលការងារនេះ ត្រូវបានលើកយកមកផ្សព្វផ្សាយនៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជនបរទេសដែលចាត់ទុកជាអន្តោប្រវេសន្ត គឺជនបរទេសដែលមកដល់ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម។ យោងតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លទ្ធផលនៃការអនុវត្តន៍ការងាររយៈពេល២ឆ្នាំ៦ខែបានរកឃើញថា ជនបរទេសបែបអន្តោប្រវេសន្តនៅកម្ពុជាមានចំនួន ១១សញ្ជាតិ ៤៩,៦០៣គ្រួសារ ស្មើនឹង ១៨២,៦៧៣នាក់ នារី ៨២,៤៨៨នាក់។ ក្នុងនោះអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានចំនួន ១២៥,៨៩៣នាក់ នារី ៥៤,៨៨២នាក់។

របាយការណ៍របស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឱ្យដឹងទៀតថា អ្នកកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី មានចំនួន ២០,២១៨គ្រួសារ ស្មើនឹង ៧៣,៣៩៧នាក់ នារី ៣៥,៨៨៨នាក់ អាយុចាប់ពី ១៨ឆ្នាំឡើងមានចំនួន ៥២,០៩១នាក់ នារី ២៥,៥៤២នាក់។

គណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសរាជធានី ខេត្ត ដកហូតឯកសារជនបរទេសបែបអន្តោប្រវេសន្តដែលកំពុងប្រើប្រាស់បានចំនួន ៣៧,៤៤១ច្បាប់ ស្មើនឹង ៩៤.៩៨ភាគរយ។ ឯកសារត្រូវបានដកហូតពី ២០,០៩៣គ្រួសារ ស្មើនឹង ៦៩,៨៧១នាក់ នារី ៣៣,៨៣៣នាក់។ ក្នុងនោះអាយុ ១៨ឆ្នាំឡើងមានចំនួន ៥១,៧៨២នាក់ នារី ២៥,៦១៦នាក់ មាន១០សញ្ជាតិ។

ជនបរទេសដែលមិនបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តមានចំនួន ១៦,៨៦៨គ្រួសារ ស្មើនឹង ៧៩,៣០៧នាក់ នារី ៣២,៤០៤នាក់។ អាយុ ១៨ឆ្នាំឡើង ៥៣,៩០២នាក់ នារី ២០,២០១នាក់ ស្មើនឹង ៤២.៨២ភាគរយ។

ក្នុងនោះជនបរទេសដែលមិនបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍មានចំនួន ២១,០៣២គ្រួសារ ស្មើនឹង ៩៤,៥៦១នាក់ នារី ៤០,៣០៣នាក់ អាយុ ១៨ឆ្នាំឡើង ៦៣,៣៦២នាក់ នារី ២៤,៧៤៣នាក់ ស្មើនឹង ៥០.៣៣ភាគរយ។

របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំនួនជនបរទេសដែលមិនបានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត មិនបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះ មានជនជាតិវៀតណាម ៥ម៉ឺននាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញ, មានតួនលេខមួយចំនួនស្ទួន និងមានប្រមាណ ១៥,០០០នាក់ បណ្តេញចេញទៅប្រទេសដើមវិញ និងមរណភាព ជាប់ពន្ធនាគារ និងមូលហេតុផ្សេងៗទៀត។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់នៅក្នុងពិធីនោះថា ដំណើរការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទទួលបានជោគជ័យធំធេង គួរជាទីមោទនៈសម្រាប់ជាតិ រាជរដ្ឋាភិបាល និងជាពិសេសសម្រាប់ក្រសួងមហាផ្ទៃ ដោយបានជម្នះពុះពារចំពោះបញ្ហាប្រឈមធំៗជាច្រើន ហើយអនុវត្តន៍សម្រេចបានលទ្ធផលល្អប្រសើរ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា លទ្ធផលការងារនេះមានអត្ថន័យយ៉ាងសំខាន់ ព្រោះវានឹងបញ្ចប់នូវបញ្ហារ៉ាំរ៉ៃនានាទាក់ទងការដោះស្រាយជនបរទេសអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា និងជាមូលដ្ឋានសម្រាប់ឱ្យការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសសន្តនៅថ្ងៃខាងមុខ ជាពិសេសការទប់ស្កាត់បានការលួចជ្រៀតចូលថ្មីៗមកស្នាក់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។

លោក គៀត ច័ន្ទថារិទ្ធ បន្ថែមថា លទ្ធផលនេះ ក៏នឹងកាត់បន្ថយបាននូវការរិះគន់គ្មានមូលដ្ឋានពីជនអគតិទាំងក្នុង និងក្រៅប្រទេស ដែលតែងតែយកបញ្ហានេះ ដើម្បីកេងចំណេញនយោបាយ ក៏ដូចជាការបំផ្លើស បំ៉ប៉ោង បំភ័យប្រជាពលរដ្ឋ។ ទប់ស្កាត់បាននូវសកម្មភាពអសកម្មទាក់ទងនឹងការធ្វើឯកសាររដ្ឋបាលកម្ពុជាដោយខុសច្បាប់ឱ្យជនបរទេស និងរួមចំណែកបង្កើនចំណូលថវិការជាតិ តាមរយៈការបំពេញកាតព្វកិច្ចរបស់ជនបរទេសដែលស្នាក់នៅកម្ពុជា។

បើតាមលោក គៀត ច័ន្ទថារិទ្ធ លទ្ធផលនេះ ក៏បានចូលរួមការអនុវត្តន៍អនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សជាសកល និងចូលរួមទប់ស្កាត់នូវបទឧក្រិដ្ឋឆ្លងដែននានា ដើម្បីការពារបានខឿនសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។

នៅក្នុងពិធីនាព្រឹកមិញនេះ បើទោះបីការងារ (ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការអនុញ្ញាតឱ្យដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍) ត្រូវបានបិទបញ្ចប់យ៉ាងណាក្តី តែនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបង្ហាញពីទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផងដែរ។ ទិសដៅការងារនោះរួមមាន៖

១៖ រៀបចំបញ្ជីទទឹង គ្រួសារជនបរទេសអន្តោប្រវេសន្ត ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យបានត្រឹមត្រូវ ដើម្បីស្នើសុំក្រសួងប្រថាប់ត្រាតម្កល់ទុកជាផ្លូវការ បម្រើការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា
២៖ ជំរុញគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសរាជធានី ខេត្ត ធ្វើការវាយតម្លៃសំណុំឯកសារពាក្យសុំប្រកាសទទួលស្គាល់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យបានចប់សព្វគ្រប់ និងរៀបចំឯកសារតម្កល់នៅថ្នាក់ខ្លួនឱ្យបានម៉ត់ចត់ច្បាស់លាស់
៣៖ មានវិធានការត្រួតពិនិត្យ អនុវត្តច្បាប់ម៉ឹងម៉ាត់ចំពោះជនបរទេសដែលរឹងរូសនៅសេសសល់
៤៖ ត្រួតពិនិត្យ ជំរុញអ្នកដល់ពេលត្រូវស្នើសុំបន្តសុពលភាពប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងក្មេងដែលដល់អាយុប័ណ្ណឱ្យអនុវត្តន៍ត្រឹមត្រូវតាមច្បាប់
៥៖ រៀបចំបែបបទ នីតិវិធី និងដំណើរការចេញផ្តល់លិខិតបើកផ្លូវសម្រាប់ជនបរទេសអន្តោប្រវេសន្ត
៦៖ ពិនិត្យដោះស្រាយពាក្យបណ្តឹងតវ៉ាដែលនៅសេសសល់ឱ្យបានម៉ត់ចត់ត្រឹមត្រូវ
៧៖ រៀបចំការបណ្តុះបណ្តាល បំពាក់បំប៉នដល់មន្ត្រីប៉ុស្តិ៍នគរបាល និងអធិការដ្ឋាន ឱ្យយល់ដឹងខ្លឹមសាជាមូលដ្ឋាននៃច្បាប់ស្តីពីអន្តោប្រវេសន៍ ច្បាប់ស្តីពីសញ្ជាតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងតួនាទីគ្រប់គ្រងជនបរទេសនៅថ្នាក់ក្រោមឱ្យបានរឹងមាំ
៨៖ រៀបចំបែបបទ នីតិវិធី សម្រាប់អនុវត្តន៍វិធានការវិន័យចំពោះអ្នកដែលដល់អាយុតែមិនសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អ្នកមិនបន្តសុពលភាពប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងអ្នកមិនសុំការអនុញ្ញាតផ្លាស់ប្តូរទីលំនៅ។

ដើម្បីបន្តអនុវត្តន៍ទិសដៅការងារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងកែសម្រួលបទដ្ឋានពាក់ព័ន្ធនានា ព្រមទាំងស្នើលុបចោលគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសក្រសួងមហាផ្ទៃ និងរាជធានី ខេត្ត ក្រោយពេលបញ្ចប់សព្វគ្រប់កិច្ចការរដ្ឋបាលនានា៕