(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំលោក ជាម ច័ន្ទសោភ័ណ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលស្រុកមេមត់ថ្មី ដោយមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្តមន្ត្រីរាជការ និងប្រជាពលរដ្ឋជាង ៣០០នាក់។

សូមបញ្ជាក់ថា អភិបាលស្រុកមេមត់ ដែលត្រូវប្រកាសតែងតាំងឲ្យចូលកាន់តំណែងនៅថ្ងៃនេះគឺលោក ស្រេង លី អតីតអភិបាលស្រុកក្រូចឆ្មារ ជំនួសលោក ចេង ប៊ុណ្ណារ៉ា ត្រូវបានឡើងតំណែង ជាអភិបាលរងខេត្តត្បូងឃ្មុំ។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹង តម្រូវការនៅមូលដ្ឋាន។

លោកអភិបាលខេត្ត ស្នើឲ្យលោកអភិបាលស្រុកមេមត់ថ្មី បង្កើនកិច្ចសហការផ្ទៃក្នុង និងគ្រប់មជ្ឈដ្ឋានឲ្យនបានល្អប្រសើរ និងត្រូវបែងចែកការងារឲ្យច្បាស់លាស់ សំដៅធ្វើយ៉ាងណារដ្ឋបាលស្រុក ការងារកាន់តែមានប្រសិទ្ធភាព។

ពិសេសសុខទុក្ខមន្ត្រីរាជការ ដែលមានការលំបាកកន្លងមក ត្រូវជួយសម្រួល និងដោះស្រាយជូនពួកគាត់ ដែលកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ និងការតម្រង់ទិសពីសំណាក់ សម្តេចក្រឡាហោម ស ខេង ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តែងតែយកចិត្តទុកដាក់បំផុតចំពោះមន្ត្រីរាជការយើង។

លោកក៏បានក្រើនរំលឹកអាជ្ញាធរមូលដ្ឋាន អភិបាលស្រុក មេឃុំ មេភូមិ ត្រូវយកចិត្តទុកដាក់ខ្ពស់ ការចុះឲ្យដល់មូលដ្ឋាន ប្រមូលព័ត៌មានយល់ឲ្យច្បាស់ពីសុខទុក្ខ និងចុះឲ្យកៀកជាប់ជាមួយពលរដ្ឋ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់ជូនពួកគាត់ ក៏ដូចជាប្រមូលសន្លឹកឆ្នោតពីពួកគាត់ ជូនគណបក្សប្រជាជនដូចគ្នាវិញផងដែរ។

ជាមួយគ្នានេះផងដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានធ្វើការណែនាំឲ្យលោកអភិបាលស្រុកថ្មី ត្រូវសហការគ្នា សាមគ្គីគ្នាដើម្បីដឹកនាំការងារក្នុងស្រុកឲ្យទទួលបានជោគជយ័ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ ភូមិ-ឃុំសុវត្ថិភាព បញ្ឈប់ឲ្យបាននូវបញ្ហាល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធិភាព និងយកចិត្តទុកដាក់ទប់ស្កាត់ការរំលោភយកដីរដ្ឋ និងដីចំណីផ្លូវសាធារណៈផងដែរ។

ព្រមទាំងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា បំផុសឲ្យសិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចេះស្រលាញ់បរិស្ថាន សម្អាតអនាម័យជុំវិញស្រុកមេមត់ និងបំពេញឲ្យបាននូវតម្រូវការចាំបាច់របស់ពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់បងប្អូន៕