(សៀមរាប)៖ រមណីយដ្ឋានអង្គរ គឺជាទីកន្លែងពិសិដ្ឋដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូចាត់ទុកថាតំណាងឱ្យចក្រវាឡ។

គ្រប់ផ្នែកទាំងអស់នៃប្រាសាទអង្គរ ដូចជាប្រាង្គប្រាសាទ កសិន្ធុ ទីធ្លារជុំវិញ សុទ្ធតែជាទីសក្ការៈបូជា ព្រោះក្នុងជំនឿសាសនា ប្រាង្គប្រាសាទគឺជាតំណាងភ្នំព្រះសុមេរុ ហើយកសិន្ធុតំណាងឱ្យមហាសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ទន្ទឹមនឹងនេះ ប្រជាជនខ្មែរតែងតែសម្លឹងមកប្រាសាទអង្គរ ប្រកបដោយក្តីមោទនៈជាទីបំផុត នៅពេលដែលគេរំឭកអំពីភាពរុងរឿងដ៏អស្ចារ្យរបស់ជាតិខ្មែរ នាពេលអតីតកាល។ ដូច្នេះ យើងគួរគប្បីចូលរួមទាំងអស់គ្នា ប្រកបដោយឆន្ទៈគោរពប្រតិបត្តិគ្រប់ផ្នែកទាំងអស់ នៃប្រាសាទអង្គរ ចាត់ទុកជាទីសក្ការៈបំផុត។

បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា ក៏ដូចជាសាធារណជនបានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនតូចពុំបានផ្តល់គុណតម្លៃ ដល់ប្រាសាទអង្គរដូចអត្ថន័យខាងលើឡើយ ពោលគឺបាននាំគ្នាអង្គុយនៅលើវាលស្មៅ លើថ្មច្រាំងកសិន្ធុប្រាសាទអង្គរវត្ត លើខឿនប្រាសាទផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង បើកឧបករណ៍បំពងសំឡេងកម្សាន្តសប្បាយខ្លាំងៗ ព្រមទាំងបន្សល់ទុកនូវសំរាម ដែលបង្កការប៉ះពាល់ដល់ទីសក្ការៈ សោភ័ណភាព បរិស្ថាន និងសណ្តាប់ធ្នាប់ទូទៅផងដែរ។

ទង្វើទាំងនេះ បាននិងកំពុងធ្វើឱ្យបាត់បង់ជាបណ្តើរៗនូវភាពអច្ឆរិយៈ ភាពជាទីកន្លែងសក្ការៈបូជារបស់ប្រាសាទអង្គរ ហើយក៏ធ្វើឱ្យភ្ញៀវទេសចរបរទេសបាត់បង់នូវជំនឿមកលើទឹកដីដ៏អស្ចារ្យមួយនេះ ដូចដែលគេស្រមៃមុនពេលមកទស្សនា។

ការចូលរួមរបស់បងប្អូនជនរួមជាតិ ក្នុងការលើកតម្លៃ និងថែរក្សាបរិស្ថានប្រាសាទអង្គរ តាមរយៈសកម្មភាពដោយប្រយោល ដោយមិនពិសាអាហារ សេពគ្រឿងស្រវឹងនៅលើវាលស្មៅ និងមិនបោះសំរាមចោលផ្តេសផ្តាសជុំវិញបរិវេណប្រាសាទអង្គរ ពិសេសគោរពទៅតាមក្រមប្រតិបត្តិអង្គរ នោះគឺជាការគោរពចំពោះស្នាដៃដូនតាយើង និងចូលរូមអភិរក្សមួយផ្នែកធំរួចទៅហើយ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមបងប្អូនប្រជាពលរដ្ឋ មេត្តាបញ្ឈប់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃនៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាកេរ្តិ៍មរតកដូនតាទាំងអស់គ្នា ជាពិសេសប្រាសាទអង្គរយើង។ សូមឱ្យប្រាសាទអង្គរនៅតែជាទីអច្ឆរិយៈជារៀងរហូត៕