(ព្រះវិហារ)៖ យុវជន ស.ស.យ.ក ខេត្តព្រះវិហារ ជាច្រើនរូប នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានស្ម័គ្រចិត្តបរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែក ១៦ មករា ដែលកំពុងជួបបញ្ហាខ្វះខាតឈាម ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។

នៅក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក យ៉ុង គឹមហ៊ាន អនុប្រធានប្រចាំការ ស.ស.យ.កខេត្ត តំណាងលោក អ៊ុន ចាន់ដា ប្រធាន ស.ស.យ.ក ខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក១៦ មករា និងសមាជិកសមាជិកា ស.ស.យ.ខេត្ត ព្រះវិហារជា ច្រើនរូបទៀត។

នៅក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ បានជម្រាបជូនថា ការបញ្ចូលឈាមជូនអ្នកជំងឺ ពីឈាមរបស់អ្នកស្ម័គ្រចិត្តជូនមន្ទីរពេទ្យនោះ គឺមានសុវត្ថភាពចំពោះអ្នកជំងឺជាង ឈាមដែលដោះដូរភ្លាមៗ ឬជាឈាមទិញដូរ នៅបណ្តាលប្រទេស ក្នុងសកលលោក ក៏ដូចជាប្រទេសក្នុងតំបន់។ អ្នកជំងឺដែលបញ្ចូនឈាមប្រហែលជា៩០%ជាង ជាឈាមដែលបានមកពីអ្នកស្ម័គ្រចិត្តផ្តល់ឈាមដោយឥតគិតថ្លៃ ដោយឡែកនៅប្រទេសកម្ពុជាចំនួននេះ នៅទាបជាងបណ្តាប្រទេសនៅក្នុងតំបន់ឡើយ។

លោកបានបន្តថា ការផ្តល់ឈាម របស់យុវជន ស.ស.យ.ខេត្ត នៅពេលនេះ ពិតជាបានចូលរួមចំណែកក្នុងការងារសង្គម កាត់បន្ថយ អត្រាមរណភាពរបស់មាតា ពីព្រោះថាមូលហេតុមរណភាពរបស់មាតា ក្នុងអំឡុងពេលពរពោះសំរាល និងក្រោយសំរាល គឺមានការធ្លាក់ឈាមក្រោយសំរាល លើសពីនេះទៀត ពេលដែលករណីជំងឺគ្រុនឈាម កំពុងតែមានការកើនឡើងគួរឱ្យកត់សំគាល់ ដូចនេះ មន្ទីរពេទ្យប្រាកដ ជាមានតម្រូវការឈាមច្រើន សម្រាប់ប្រើប្រាស់ក្នុងជួយសង្រ្គោះជំងឺអ្នកជំងឺជាពិសេស គឺកុមារ។

លោក គួង ឡូ បានបញ្ជាក់ផងដែរថា ការផ្តល់ឈាមម្តងមានចំណុះ ៣០០មីលីលីត្រ មិនប៉ះពាលដល់សុខភាពនោះឡើយ ហើយការផ្តល់ឈាមនេះ ចំពោះបុរសអាចផ្តល់បាន ៣ខែម្តង ហើយស្រ្តី អាចផ្តល់ឈាមរយៈពេល៤ខែម្តង។

ដោយឡែកលោក យ៉ុង គឹមហ៊ាន បានឱ្យដឹងថា ថ្ងៃនេះ សមាជិកសមាជិកា ស.ស.យ.ក ចំនួន២៨នាក់ មកចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យបង្អែក១៦ មករា សម្រាប់ជួយសង្រ្គោះជីវិតអ្នកជំងឺ។

ជាមួយគ្នានោះដែរ លោក យ៉ុង គឹមហ៊ាន ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់ ដែលបានស្ម័គ្រចិត្ត ចូលរួមបរិច្ចាកឈាម ជូនមន្ទីរពេទ្យបង្អែក១៦ មករា នៅពេលនេះ ហើយលោកក៍សូមធ្វើការអំពាវនាវឱ្យយុវជនយើងទាំងអស់ ចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ៕