(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ១០៤,២៦១តោន កើនឡើង២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ដែល Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដានេះ។

ចំពោះតម្លៃជ័រកៅស៊ូ ជាមធ្យមបានធ្លាក់ចុះមកនៅត្រឹម១,៣៣៩ដុល្លារក្នុង១តោន ដូច្នេះនៅឆមាសទី១ ឆ្នាំ២០១៩នេះ ចំណូលបានពីការនាំចេញជ័រកៅស៊ូរបស់កម្ពុជា មានចំនួនជាង១៣៩លានដុល្លារអាមេរិក។

ការធ្លាក់ថ្លៃនៃជ័រកៅស៊ូនេះ ត្រូវបានមន្ត្រីជំនាញអះអាងថា ដោយសារកត្តាទីផ្សារសកលលោក ដែលធ្វើឲ្យវិស័យឧស្សាហកម្មកៅស៊ូ ពិបាកនឹងទទួលបានផលចំណេញ ខណៈដែលកម្លាំងពលកម្ម ក្នុងវិស័យនេះក៏កាន់តែជួបបញ្ហាប្រឈមផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានអំពាវនាវដល់កសិករដាំដំណាំកៅស៊ូ មានការអត់ធ្មត់ ចំពោះបញ្ហាតម្លៃជ័រកៅស៊ូធ្លាក់ថ្លៃ នៅលើទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះសម្តេចក៏បានសំណូមពរឲ្យបងប្អូនប្រជាកសិករ កុំជ្រួលជ្រើមទៅតាមចរន្តទីផ្សារលឿនពេក ដោយកាប់ដើមកៅស៊ូចោល ហើយដាំដំណាំណាដែលមានទីផ្សារមួយកញ្ជ្រោលនោះ។

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៤,០១៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៣៣,២១២ហិកតា ស្មើនឹង៥៤% និងផ្ទៃដីថែទាំមានចំនួន ២០០,៨០១ហិកតាស្មើនឹង៤៦%។

ឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕