(កំពង់ធំ)៖ ខ្នងផ្ទះទី១២៤ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានសាងសង់រួច ហើយបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពិការមួយគ្រួសារ ដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅស្រុកបារាណ៍ ខេត្តកំពង់ធំ ដឹកនាំប្រគល់ដោយលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងសហការីព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមអបអរសាទរយ៉ាងច្រើនកុះករផងដែរ។

ខ្នងផ្ទះទី១២៤ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ គឺលោកអនុសេនីយ៍ត្រី រស់ សារ៉េត អាយុ៥៤ឆ្នំា ចូលបម្រើក្នុងជួរកងទ័ព នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៨០ នៅអង្គភាពកងពលលេខ ២ចាស់ មានមុខងារជាមេបញ្ជាការកងអនុសេនាតូចឈរជើង នៅតំបន់ដំបូកខ្ពស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការជើងខាងស្ដាំដោយសារជាន់មីន នៅឆ្នាំ១៩៩៤។

លោកអនុសេនីយ៍ត្រី រស់ សារ៉េត មានភរិយាឈ្មោះ ណំ ស៊ន អាយុ៥៦ឆ្នំា មានកូនចំនួន៥នាក់។ បច្ចុប្បន្នរស់នៅភូមិក្តាមហារ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្រកបមុខរបរធ្វើកម្មករដាំដំឡូងមី ដើម្បីបានប្រាក់បន្ថែមសម្រាប់ចិញ្ចឹមគ្រួសារ គួបផ្សុំនឹងប្រាក់បៀវត្សប្រចាំខែ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនគាត់ចំនួន ៨៦០,០០០រៀល ក្នុងមួយខែផងដែរ។

បើតាមលោកឧត្ដមសេនីយ៍ទោសោម ស៊ុន បានថ្លែងថា ផ្ទះថ្មីដែលបានសាងសង់រួចប្រគល់ជូនគាត់នៅពេលនេះ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី រនាប និងជញ្ជាំងក្តារដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់ ៧,២៥០,០០០រៀល។ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅក្រុមការងារបានឧបត្ថម្ភជូនគាត់បន្ថែមទៀត មានអង្ករចំនួន ៥០គីឡូក្រាម មីយើងចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ មុងជ្រលក់ថ្នាំ ចំនួន២ ឈើច្រត់មួយគូ និងថវិកាចំនួន ៤៥០,០០០រៀល។

ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងក្រុមគ្រួសារអតីតយុទ្ធជនពិការ សូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្ដេចតែងតែយកចិត្តទុកដាក់ដោះស្រាយ ចំពោះការលំបាកខ្វះខាតជូនដល់អតីយុទ្ឋជនយើង នៅគ្រប់ទីកន្លែង នឹងគាំទ្រសម្តេចតេជោបន្តដឹកនាំប្រទេសកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀត៕