(ភ្នំពេញ)៖ ក្រុមការងារតាមវិស័យ សម្រាប់ធ្វើជាដៃគូពិភាក្សាការងារជាមួយវិស័យឯកជន ដែលមានក្រសួងស្ថានប័នជិត៥០ ដោយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ជាប្រធាន និងរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី លោក សុខ ចិន្ដាសោភា ជាអនុប្រធាន បានបើកកិច្ចប្រជុំរូមគ្នាមួយ ដើម្បីស្វែងយល់ពីផលវិបាកនានា របស់វិស័យឯកជន។

ជាពិសេស ដើម្បីពិនិត្យមើលលទ្ធភាព ក្នុងការសម្របសម្រួល រួមទាំងរកដំណោះស្រាយ ជូនដល់ធុរកិច្ចលើវិស័យសុខាភិបាល ឱ្យមានភាពរលូន និងងាយស្រួល ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណា ពង្រឹងនូវគុណភាពរាល់ផលិតផលឱសថ ជូនប្រជាពលរដ្ឋយើងប្រើប្រាស់។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងក្រុមការងារ បានផ្ដោតទៅចំណុចជាច្រើន ដែលជាបញ្ហា និងសំណើរដំណោះស្រាយ ពីការអនុវត្ដបែបបទ សុំការនាំចេញឱសថ ការសុំផ្សាយពាណិជ្ជកម្ម និងសិក្ខាសាលា ស្ដីពី ផលិតផលឱសថ អាជ្ញាបណ្ណនាំចូល អាត្រាពន្ធនាំចូល ពីវត្ថុធាតុដើម និងវត្ថុធាតុផ្សេងៗក្នុងការផលិតឱសថ សេវាសុខាភិបាល ការចុះបញ្ជិការឱសថ ធនធានមនុស្សផ្នែកសុខាភិបាល ការវិនិយោគលើវិស័យសុខាភិបាល មន្ទីរពេទ្យ សហគ្រាសផលិតឱសថ ។

រដ្ឋមន្ដ្រីបានឱ្យដឹងថា ជាលទ្ធផលកិច្ចប្រជុំនេះ ទទួលបានភាពល្អប្រសើរ ដោយមានការយល់គ្នា ចំពោះយន្ដការនៃការអនុវត្ដន៍ក៏បានសម្រេចទៅក្របខណ្ឌច្បាប់ ឬបទដ្ឋានគតិយុត្ដិ ដែលមានជាធរមាន ហើយក្រសួង ក៏បានជំរុញឱ្យវិស័យឯកជន ខិតខំចូលរួមចំណែកក្នុងការអនុវត្ដន៍ច្បាប់ឱ្យបាន ជាពិសេសវិស័យឯកជន កុំទាមទារអ្វីដែលខុសពីក្របខណ្ឌច្បាប់។ ដោយការធ្វើអ្វីមួយ ត្រូវនាំគ្នាគោរព និងអនុវត្ដច្បាប់ ជាជាងលើកបញ្ហាដែលផ្ទុយនឹងច្បាប់។

ទន្ទឹមនឹងនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានលើកឡើងពីការចុះបញ្ជិការលើឱសថ តាមប្រព័ន្ធអនឡាញ ពី QR កូត នៅលើផលិតផលឱសថ ដើម្បីងាយស្រួល ក្នុងការពិនិត្យមើលថា វាជាផលិតផលពិត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការកាត់បន្ថយចរាចរណ៍ ឱសថអន់គុណភាព ឬឱសថក្លែងក្លាយជាដើម ជាពិសេស គឺធានាបាននូវផលិតផលពិត ជូនដល់ពលរដ្ឋយើងប្រើប្រាស់។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសុខាភិបាល បានបញ្ជាក់ដល់បណ្ដាក្រុមហ៊ុនទាំងអស់ ដែលជាធុរកិច្ចមានច្បាប់ទម្លាប់ត្រឹមត្រូវហើយ ត្រូវចូលរួមចំណែកវែកមុខរកជនខិលខូច ដែលទៅផលិតឱសថ ក្លែងបន្លំ និងចម្លងដាក់ឈ្មោះក្រុមហ៊ុនដូចគ្នា ឬក្លែងក្លាយ ដើម្បីផ្ដល់ជាផលប្រយោជន៍សម្រាប់ប្រជាជនយើង ឱ្យចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយសារឱសថ និងលុបបំបាត់ ទប់ស្កាត់នូវការចរាចរណ៍ នូវផលិតផលក្លែងក្លាយ និងអន់គុណភាពនេះឱ្យកាន់តែច្រើន៕