(ព្រះសីហនុ)៖ កំណាត់ផ្លូវលេខ៧០៥ នៅមុខសាលាខេត្តព្រះសីហនុ នឹងចាប់ផ្ដើមបើកការបើកការដ្ឋានជួសជុលថ្មី នៅទី២៥ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាមការលើកឡើងក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដឹកនាំដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយ ក្រុមហ៊ុនចំនួនពីរ ដែលបានបង្កឲ្យផ្លូវនេះខូចដោយសារកាដឹកដីចេញពីការដ្ឋានសំណង់របស់ខ្លួន។

តែក្រុមហ៊ុនទាំងពីរនេះបានយល់ព្រមធ្វើផ្លូវនេះ ជូនខេត្តវិញដោយធ្វើជាផ្លូវបេតុងកម្រាស់៣តឹក មានគ្រឹៈថ្ម និងដាក់លូរកាត់ទទឹងផ្លូវចំនួន៣កន្លែងផងដែរ។

បើតាមក្រុមហ៊ុន ស៊ីណូ ហ្វោនដេសិន អ៊ីនជានារិង ដែលទទួលបានសិទ្ធិកាយដីចេញពីទីតាំងការដ្ឋានសំណង់ដ៏ធំសម្បើមមួយនៅមុខសាលាខេត្តព្រះសីហនុ គឺក្រុមហ៊ុន ព្រីន រៀលអិស្តេត ឱ្យដឹងថាក្រុមហ៊ុនលោកនឹងចាប់ផ្តើម ធ្វើកំណាត់ផ្លូវ ប្រវែង១០០០ម នេះឡើងវិញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយគ្រោះចំណាយពេលត្រឹមតែ២ខែប៉ុណ្ណោះ និងសន្យាជួសជុលថែទាំរយៈពេល ៥ឆ្នាំ។

លោក គួច ចំរើន ថ្លែងថា ផ្លូវកំណាត់លេច៧០៥មុខសាលាខេត្តព្រះសីហនុ តាមបណ្ដោយឆ្នេរសមុទ្រពីរចំណុចមុខព្រះរាជដំណាក់ខ្ពស់ ទៅដល់មុខសណ្ឋាគារឆ្នេរថ្មី នឹងបើកការដ្ឋានជាផ្លូវការដើម្បីធ្វើការជួសជុលឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ។ ជាមួយនេះ លោកអភិបាល បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពផ្លូវនេះ ឲ្យបានហ្មត់ចត់។

ពាក់ព័ន្ធទៅនឹងការស្ថាបនាផ្លូវនេះដែរ បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថាកន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានឃាត់រថយន្តដឹកដីរបស់ក្រុមហ៊ុននេះជាបន្តបន្ទាប់ដោយសារក្រុមហ៊ុននេះកាយដីចេញពីការដ្ឋានសំណង់និងដឹកលើសទម្ងន់ធ្វើឲ្យផ្លូវខូច។ករណីនេះរដ្ឋបាលខេត្តព្រះសីហនុក៏បានកោះអញ្ជើញតំណាងក្រុមហ៊ុននេះឲ្យមកជួបប្រជុំនិងធ្វើការណែនាំចំនួន៥ដងមកហើយដោយតម្រូវឱ្យធ្វើផ្លូវនេះជូនរដ្ឋបាលខេត្តវិញ៕