(កំពង់ចាម)៖ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានត្រួតពិនិត្យធ្វើរដ្ឋបាលចំហរស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួនជនជាតិឡាវ ដែលលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស)។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនជាតិឡាវដែលសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឈ្មោះ SENGSAVANG KEO ភេទប្រុស កាន់លិខិតឆ្លងដែនលេខ P0672571 ផុតសុពលភាពថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទឆ្លងដែនច្បាប់ (គ្មានត្រាអនុញ្ញាតចូលប្រទេស) ស្ថិតនៅភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ដែរថា ជនជាតិឡាវ នេះ បានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ តាមច្រករបៀង នៃច្រកទ្វារព្រុំដែនអន្តរជាតិឡែម ខេត្តបាត់ដំបង ក្នុងគោលបំណងជូនប្រពន្ធឈ្មោះ ថា សុខឃា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មកសម្រាលកូននៅភូមិឃុំខាងលើ។

លោកបញ្ជាក់ថា បន្ទាប់ពីមានការអនុញ្ញាត ពីប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងមានការយល់ព្រមពីលោកឧត្តមសេនីយ៍ស្នងការ និងស្នងការរងទទួលផែនអន្ដោប្រវេសន៍ សមត្ថកិច្ចការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនបរទេសរូបនេះ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តបន្ត៕