(ភ្នំពេញ)៖ ស្របពេលដែលកម្ចីនៅកម្ពុជា មានការកើនឡើងជាប្រចាំ ពីមួយឆ្នាំទៅមួយឆ្នាំ សមាគមធនាគារកម្ពុជា សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាមួយស្ដីពី ដំណើរការនៃការផ្ដល់ប្រាក់កម្ចី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកវិសាលភាព នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីប្រកួតប្រជែង និងទប់ស្កាត់លើបញ្ហាប្រឈម និងកាត់បន្ថយហានិភ័យពីបំណុលវ័ណ្ឌ.ក។

ក្នុងសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ការិយាល័យឥណទានកម្ពុជា សមាគមធនាគារកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

លោក ឌិច សុចល តំណាងក្រុមប្រឹក្សាភិបាលរបស់សមាគមធនាគារ នៅកម្ពុជា បានថ្លែងថា ចំពោះការកាត់បន្ថយបញ្ហាប្រឈម ដូចជាបំណុលវ័ណ្ឌ.ក លើអតិថិជន និងសហគមន៍ទូទៅបាន គឺទាមទារឲ្យមានការបង្កើននូវកិច្ចសហប្រតិបត្តិការ និងការចែករំលែក នៃការអភិវឌ្ឍល្អ ព្រមទាំងបញ្ហាប្រឈមរួមជាមួយគ្នា។

លោកបានបន្តថា សរុបមកវិញសម្រាប់សិក្ខាសាលា ស្ដីពីគោលការណ៍ផ្ដល់ឥណទាននេះដែរ គឺវាពិតជាសំខាន់ក្នុងការបង្ហាញពីបញ្ហាផ្ដល់ឥណទាន ដែលក្នុងនោះរួមមាន ទម្រង់នៃហានិភ័យចំពោះការផ្ដល់ឥណទាន និងការផ្ដល់ឥណទាន ដែលមិនត្រូវនឹងគោលការណ៍ជាដើម។

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានាថ្ងៃនេះ ពាក់ព័ន្ធនឹងដំណើរការនៃការផ្ដល់ប្រាក់កម្ចី ហើយកម្ចីតែងតែដើរតួនាទីយ៉ាងសំខាន់ និងជាកាំបិតមុខពី ទី១៖ អតិថិជនទទួលយកកម្ចីត្រឹមត្រូវ និងអ្នកផ្ដល់កម្ចីបានត្រឹមត្រូវ គឺធ្វើឲ្យអ្នកខ្ចីបានប្រសើរ ប៉ុន្តែទី២៖ បើសិនជាអតិថិជនខ្ចីយកទៅប្រើប្រាស់មិនបានល្អ និងមិនមានលទ្ធភាពសងមកវិញនោះ អ្នកឲ្យខ្ចីនឹងជួបផលពិបាកផងដែរ។

លោកបានបន្តថា រយៈពេល៥ខែដើម ឆ្នាំ២០១៩នេះ គឺកម្ចីបន្តមានការកើនឡើងប្រមាណជាជាង១០ភាគរយ ហើយប្រសិនបើកំណើននេះនៅតែបន្តបែបនេះតទៅទៀតរហូតដល់ចុងឆ្នាំ គឺអាចថាចុងឆ្នាំនេះមានការកើនឡើងរហូតដល់ពី២០ ទៅ៣០ភាគរយ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៨កន្លងទៅ។

លោកបន្តថា សម្រាប់ការផ្តល់កម្ចីភាគច្រើន គឺផ្នែកកសិកម្ម និងកម្ចីសម្រាប់ទិញវត្ថុផ្សេងៗ ហើយរយៈពេល២ឆ្នាំចុងក្រោយនេះ គឺមានកម្ចីសម្រាប់ទិញផ្ទះមានការកើនឡើងខ្លាំង ខណៈដែលវិស័យអចលនទ្រព្យ នាពេលបច្ចុប្បន្នកំពុងមានការរីកចម្រើនខ្លាំងផងដែរ។

លោកបន្ថែមថា សម្រាប់កម្រិតឥណទានមិនល្អ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានប្រមាណជា ១.៥ ទៅ១.៦ភាគរយនោះតែប៉ុណ្ណោះ ហើយកម្រិតឥណទានមិនល្អនេះ បើធៀបនឹងបណ្ដាលប្រទេសជុំវិញ គឺមិនមានកម្រិតខ្ពស់នោះឡើយ៕