(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងប្រាប់មន្ត្រីរាជការ ស្រុកកោះសូទិន ឲ្យបង្កើនល្បឿនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានថ្លែងដូច្នេះនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា បច្ចុប្បន្នខេត្តកំពង់ចាមមានការិយាល័យច្រកចេញចូលតែមួយចំនួន៦ ស្រុកក្រុងហើយ។ សម្រាប់ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ចាម នឹងបន្តសាងសង់ច្រកចេញចូលតែមួយចំនួន៤ ស្រុកទៀត ប៉ុន្តែយ៉ាងណាក៏ដោយ ថ្វីដ្បិតតែស្រុកកោះសូទិន មិនទាន់មានការិយាល័យច្រកចេញចូលតែមួយក៏ដោយ។

លោកអភិបាលខេត្ត នៅតែជំរុញឲ្យមន្ត្រីអាជ្ញាធរ បង្កើនល្បឿន នៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ចៀសវាងការរត់ការឯកសារផ្សេងៗ ដែលនាំឲ្យប្រជាពលរដ្ឋ មានការខាតបង់ថវិកា និងខាតបង់ពេលវេលាផងដែរ។

តាមលោកអភិបាលខេត្ត មានសេវាច្រើនណាស់ ដែលប្រជាពលរដ្ឋត្រូវការឲ្យមន្ត្រីអាជ្ញាធរបម្រើ នូវសេវាកតាព្វកិច្ចនេះ ដូច្នេះក្នុងនាមយើងជាមន្រ្តីយើងត្រូវតែបំពេញកាតព្វកិច្ចបំរើសេវាជូន ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងត្រូវជៀសវាងការប្រព្រឹត្តអំពើពុករលួយផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីជួបសំណេះ សំណាលជាមួយមន្ត្រីរាជការស្រុកកោះសូទិន លោកអភិបាលខេត្តបានបន្តដំណើរទៅជួបសំណេះសំណាល ជាមួយនឹងមន្ត្រីរាជការ ក្នុងស្រុកស្រីសន្ធរផងដែរ៕