(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងធំធេង ដល់សុខដុមបនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិ។

ការលើកឡើងរបស់ លោក ស្តើង សុខុម បែបនេះត្រូវបានថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ២០០នាក់ នៅក្នុងពិធីប្រគេនទៀនព្រះវស្សា ដល់វត្តចំនួន២៣ ក្នុងស្រុកកំចាយមារ ដែលបានប្រារព្ធធ្វើនៅក្នុងវត្តក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

បន្ទាប់ពីធីប្រគេនទៀនវស្សាទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនារួចមក លោក ស្តើង សុខុម បានឆ្លៀតពេលថ្លែងការសំណេះសំណាលទៅកាន់ព្រះសង្ឃ ដែលនិមន្តមកពី២៣វត្ត និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ចំណុះជើងវត្ត និងនៅក្នុងឃុំក្របៅថា នៅកម្ពុជាក្នុងចំណោមប្រជាជនសរុប ប្រមាណ១៥លាននាក់មាន អ្នកកាន់ព្រះពុទ្ធសាសនា ដល់ទៅជាង៩៥% ហើយនៅទូទាំងប្រទេស មានវត្តព្រះពុទ្ធសាសនាសរុបចំនួន ជាង៤,៣០០វត្ត និងមានព្រះសង្ឃសរុបប្រមាណ៥ម៉ឺនអង្គ។

ព្រះពុទ្ធសាសនា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះគេសង្កេតឃើញមាន ព្រះសង្ឃកំពុងចូលរួមធ្វើសកម្មភាព ជួយដល់ការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា តាមរយៈការចុះអប់រំផ្ទាល់នៅតាមសហគមន៍ និងបានទេសនាអប់រំ ធម៌វិន័យ និងសីលធម៌ តាមប្រព័ន្ធផ្សព្វផ្សាយមាន ដូចជា វិទ្យុ ទូរទស្សន៍ អំពីដំបូន្មានល្អដែលធ្វើឲ្យមនុស្សកាត់បន្ថយហិង្សា ធ្វើឲ្យមនុស្សចេះស្រឡាញ់រាប់អានគ្នាជាដើម។ វត្តអារាម បានក្លាយជាទីតាំងយ៉ាងសំខាន់សម្រាប់ ជួយឲ្យសិស្សស្នាក់នៅដើម្បីសិក្សារៀនសូត្រ ហើយអនាគតក្លាយជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ។

លោក ស្ដើង សុខុម បានលើកយកទ្រឹស្ដីមួយ ដែលព្រះសម្មាសម្ពុទ្ធសម្ដែងទាក់ទិនទៅទស្សនៈកម្មផលដែលត្រូវបានទទួលស្គាល់ជាសាកល មានតម្លៃទូលំទូលាយ និងយូរអង្វែង «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ទស្សនៈនេះគឺត្រឹមត្រូវណាស់។ លោក ស្តើង សុខុម បានភ្ជាប់ទស្សនៈនេះ ទៅនិងទ្រឹស្តីសាកល ហើយត្រូវបានគេប្រើនៅទីស្នាក់ការអង្គការសហប្រជាជាតិ ដែលមានន័យថា៖« យើង គឺជាអ្វីដែលយើង យើងគឺជាអ្វីដែលយើងធ្វើ» គឺវាត្រូវគ្នាទៅទស្សនៈកម្មផលរបស់ព្រះពុទ្ធសាសនា ដែលបានចែងតាំងពី២០០០ឆ្នាំមុន ហើយមកដល់បច្ចុប្បន្នវាក៏នៅតែត្រូវ ធ្វើបានល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។

លោកបានធ្វើការឆ្លុះបញ្ចាំងទៅនឹងការងារប្រចាំថ្ងៃនាពេលបច្ចប្បន្នថា ការណាយើងធ្វើ កិច្ចការជាប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គម នោះលទ្ធផលដែលយើងទទួលបានប្រាកដ៏ជាមានតម្លៃដល់ខ្លួនឯង ដល់គ្រួសារ និងដល់សង្គមដូច្នេះវានឹងធ្វើឲ្យសង្គមរបស់យើង មានភាពសុដុម មានសុខសន្តិភាព និងការអភិវឌ្ឍ។ ដូចនេះតម្លៃ ជាសាកលរបស់ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ទស្សនវិជ្ជា ដែលបង្កប់ដោយអត្ថន័យសន្តិភាព និងអហិង្សា។

លោក ស្តើង សុខុម ក៏បានបន្តថា លើកឡើងទាក់ទងទៅនឹងសីលប្រាំ នៅក្នុងចំណុចសីលប្រាំព្រះអង្គ ហាមការបៀតបៀនអាយុជីវិតគ្នា ការកាប់សម្លាប់គ្នានេះ ជាទ្រឹស្ដីមួយដែលព្រះអង្គបានសម្ដែងទុកសម្រាប់មនុស្សទាំងអស់គ្នាដែលរស់នៅ។ នេះជាទ្រឹស្ដីដែលព្រះអង្គសម្ដែងចូលរួមអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ នាពេលបច្ចុប្បន្ន ព្រោះបើសិនជាមនុស្សទាំងអស់អនុវត្តន៍គោរព តាមពាក្យពេចន៍ទ្រឹស្ដីរបស់ព្រះអង្គ ដែលបានបន្សល់ទុកនោះប្រទេសរបស់យើងប្រាកដ៏ជា ជួបតែក្តីសុដុមបនីយកម្ម និងសន្តិភាព។

ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំចាយមារ លោក ស្តើង សុខុម បានសុំបវរណាបិណ្ឌបាតដល់ព្រះសង្ឃគ្រប់ព្រះអង្គ នៅគ្រប់ទីអារាមទាំងអស់ បន្តនូវសកម្មភាពដ៏ល្អនេះបន្តទៀត ពិសេសក្នុងពេលសម្តែងធម្មទេសនាជួយបន្តផ្សព្ធផ្សាយអំពីកម្មផល ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ដល់ពលរដ្ឋ ពិសេសយុវជនឲ្យខិតខំរៀនសូត្រ និងខិតខំប្រកបរបររកទទួលទានដោយសុច្ចរិត ទៀងត្រង់ ជៀសវាងប្រព្រឹត្តអំពើអបាយមុខជ្សេងៗ ដូចសេពគ្រឿស្រវឹង គ្រឿងញៀន ល្បែងស៊ីសងនិងអំពើឆក់ប្លន់ជាដើម។

ក្នុងនាមជាពុទ្ធបរិស័ទលោក ស្តើង សុខុម និងលោកស្រី តែងមានវត្តមានជានិច្ចនៅក្នុងពិធីបុណ្យធំៗ ខាងសាសនារបស់ជាតិ ដូចជានៅក្នុងកិច្ចចូលព្រះវស្សានេះ លោកបានដង្ហែទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃ និងនាំទាំងបច្ច័យទៅប្រគេនព្រះសង្ឃចំនួន២៣វត្ត, ប្រគេនថវិកាសម្រាប់ព្រះសង្ឃ២៣អង្គ និងលោកតាអាចារ្យ២៣នាក់ ព្រមទាំងលោកតាលោកយាយចូលរួមប្រមាណ២០០នាក់ផងដែរ។

ទេយ្យវត្ថុ និងទេយ្យទាន ដែលបានប្រគេនព្រះសង្ឃ ក្នុងមួយវត្តៗ មានទៀនព្រះវស្សា១គូ, អង្ករ១បាវ, ស្លាដក១, ទឹកសុទ្ធ២កេស, ទឹកក្រូច២កេស, ទឹកផ្លែឈើ១កេស, ត្រីខ១យួរ, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១កេស, ទឹកដោះគោ១០កំប៉ុង, ស្ករស៥គីឡូក្រាម និងតែ១កញ្ចប់ធំ។

នៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះ លោក ស្តើង សុខុម និងសហការីរួមដំណើរក៏បានអញ្ជើញចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អគារសិក្សា១ខ្នង មាន៥បន្ទប់ និងទីចាត់ការ១ខ្នង ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅភូមិវាលស្មាច់ ឃុំក្របៅ ស្រុកកំចាយមារ។
តមកលោកក៏បានបន្តដំណើរទៅពិនិត្យមើលអគារសិក្សា នៅក្នុងសាលាបឋមសិក្សាចំការចេក ក្នុងភូមិចំការចេក ឃុំក្រញូងដែល លោកគ្រូអ្នកគ្រូនៅទីនោះ បានស្នើសុំឲ្យមានការជួសជុលដំបូលអគារដែលធ្លុះធ្លាយ។ លោក ស្តើង សុខុម បានស្នើឲ្យអ្នកជំនាញសិក្សាមើលថាមានកន្លែងណា ដែលត្រូវជួសជុលឡើងវិញ និងកន្លែងណាដែលត្រូវរក្សាទុក ព្រោះអគារសិក្សានេះ នៅមានភាពល្អដែលអាចឲ្យសិស្សអាចចូលរៀនបាន។

ជាមួយនេះ ដោយមានសំណូមពរពី លោកគ្រូ អ្នកគ្រូ នៅទីនោះលោក ស្តើង សុខុម បានផ្តល់ថវិកា ចំនួន៥០០ដុល្លារ ដើម្បីសង់រោង និងរបងកន្លែងលាងដៃសិស្ស នៅក្នុងទីធ្លាសាលា។ បន្ទាប់មក លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ បានបន្តដំណើរទៅពិនិត្យមើលស្ថានភាព នៃការរៀបចំស្ថារប្រឡាយបង្ហូរទឹក ចេញពីទីធ្លាវិទ្យាល័យ ហ៊ុន សែន កំចាយមារ ដែលកន្លងមកនៅពេលភ្លៀងធ្លាក់ខ្លាំងតែងបង្កឲ្យមានការលិចទឹក។

បន្ទាប់ពីពិនិត្យស្ថានភាព និងទីតាំងរួចមក លោកប្រធានបានទទួលយកសំណើនេះ ទៅពិនិត្យមើល និងធ្វើរបាយការណ៍ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រៃវែង ដើម្បីសុំយោបល់ពីសម្តេច៕