(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានថ្លែងទៅកាន់លោក គ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង២ពាន់នាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រជាពិសេសគ្មានជំនាន់ណាមួយ ដែលមានសុខសន្តិភាព និងអភិវឌ្ឍយូអង្វែងដូចសម័យតេជោនេះទេ ដូច្នេះត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យស្ថិតស្ថេរជានិរន្ត មានសម្តេចតេជោហ៊ុន សែនការពារមិនឲ្យកើតមានសង្គ្រាមជាដាច់ខាត។

ការថ្លែងលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នង នៅវិទ្យាល័យ ជី ភូ ដែលអំណោយសប្បុរសជន ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានថ្លែងនាំនូវការសាកសួរសុខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នៅវិទ្យាល័យជីភូនេះផងដែរ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សមិទ្ធផលជាច្រើន ដែលជាខិតខំកសាងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាពិសេសខេត្តស្វាយរៀង មានរោងចក្រសហគ្រាសជាច្រើន អាចបង្កើនការងារដល់ពលរដ្ឋក្នុងខេត្តរាប់ម៉ឺននាក់។

នាយឧត្តមសេនីយ៍ បានថ្លែងទៀតថា សមិទ្ធផលថ្ងៃនេះចាត់ទុកជាប្រវត្តិសាស្ត្រ នៃការកសាងសមិទ្ធផល សម្រាប់កូនចៅប្រជាពរដ្ឋនៅតំបន់នេះ ដើម្បីសិក្សារៀនសូត្រ ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ហើយសមិទ្ធផលនេះ ចេះតែវិវត្តន៍ទៅមុខ ដែលនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា ហើយយើងមិនបញ្ចប់ត្រឹមនេះទេ យើងនឹងបន្តកសាងតទៅមុខទៀត ដើម្បីបំពេញតម្រូវការ នៃល្បឿនកំណើនប្រជាជន។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានផ្តាំផ្ញើរដល់សិស្សានុសិស្ស ត្រូវឲ្យខិតខំរៀនសូត្រក្រៀបយកចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិ ហើយសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀនមួយវិញទៀត ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរត្រូវពាក់មួកសុវត្ថិភាព៕