(សាន់ហ្រ្វាន់ស៊ីស្កូ)៖ យន្តហោះ Boeing 737 MAX ដែលកំពុងស្ថិតក្រោមការបញ្ឈរ ប្រហែលជាពុំអាចត្រឡប់ទៅបន្តប្រតិបត្តិការ ដឹកអ្នកដំណើរបានឡើងវិញក្នុងពេលឆាប់ៗឡើយ ពោលគឺការបញ្ឈរជើង Boeing 737 MAX អាចបន្តអូសបន្លាយដល់ឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអាមេរិក The Wall Street Journal នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

មកទល់ពេលនេះអាជ្ញាធរអាកាសចរណ៍អាមេរិក FAA មិនទាន់អាចកំណត់ កាលបរិច្ឆេទជាក់លាក់ណាមួយ សម្រាប់ឲ្យ Boeing 737 MAX បន្តប្រតិបត្តិការដូចដើមវិញឡើយ ខណៈក្រុមហ៊ុន Boeing ទំនងនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពនៃ យន្តហោះដឹកអ្នកដំណើរនេះ។ យ៉ាងណាមិញបណ្តាយន្តហោះ 737 MAX ទាំងឡាយត្រូវគេរំពឹងថា នឹងអាចឡើងទៅលើផ្ទៃអាកាសសាជាថ្មី ជាមួយអ្នកដំណើរនៅខែមករា ឆ្នាំ២០២០។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ធំរបស់អាមេរិករួមមាន American Airlines និង United Airlines ទើបតែបានប្រកាសបន្តផ្អាកប្រតិបត្តិការ Boeing 737 MAX របស់ពួកគេ រហូតដល់ដើមខែវិច្ឆិកាខាងមុខ។ យន្តហោះ 737 MAX ត្រូវបានបញ្ឈរជើងនៅជុំវិញពិភពលោក ចាប់តាំងពីខែមីនា ឆ្នាំ២០១៩នេះ ក្រោយយន្តហោះប្រភេទនេះពីរគ្រឿងបានធ្លាក់នៅឥណ្ឌូណេស៊ី និងអេត្យូពីកាលពីខែតុលា ឆ្នាំ២០១៨ និងកាលពីខែមីនាផ្ទាល់ ហើយជាលទ្ធផលមនុស្សសរុប ៣៤៦នាក់ត្រូវបាត់បង់ជីវិត៕