(ភ្នំពេញ)៖ រដ្ឋាបាលភិបាលជប៉ុន នឹងផ្តល់ជំនួយទឹកប្រាក់ ៥០០លានយ៉េន (ប្រហែល ៤.៦លាន ដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលទាំងពីរ នឹងធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលភាគីកម្ពុជាតំណាងដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចំណែកភាគីជប៉ុន តំណាងដោយ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនវ បានឱ្យដឹងថា ក្នុងឋានៈជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ ជប៉ុនបានជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការ ធ្វើឱ្យប្រសើរឡើង ដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់៕