(ភ្នំពេញ)៖ ទីតាំងកែច្នៃកាត់តរថយន្តធុនធំ ចំនួន៤កន្លែង ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលសង្ស័យអត់ច្បាប់អនុញ្ញាតត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឌ ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះទៅបិទបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ រង់ចាំឲ្យម្ចាស់យកឯកសារទៅដើម្បីធ្វើការត្រួតពិនិត្យមើលនៅពេលក្រោយ។

លោក ប៉ាង លីដា បានប្រាប់ភ្នាក់ងារ អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការធ្វើឡើងក្រោមបញ្ជារបស់ លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា ទីតាំងតម្លើងកាត់ត និងកែច្នៃ រថយន្តទាំងនោះកំពុងដំណើរការយ៉ាងសកម្ម និងបង្កការប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ផងដែរ។
លុះពេលចុះទៅដល់ឃើញទីតាំងនីមួយៗ មានសភាពរញ៉េរញ៉ៃ ហើយចំពោះបទដ្ឋានបច្ចេកទេស ឬស្តង់ដារនោះលោកមិនបានដឹងថា តើវាត្រឹមត្រូវ ឬមិនត្រឹមត្រូវនោះឡើយ រង់ចាំឲ្យអ្នកបច្ចេកទេសចុះទៅពិនិត្យមើលបន្តទៀតទើបដឹង។ មិនតែប៉ុណ្ណោះមានរថយន្តជាច្រើនគ្រឿង កំពុងត្រូវបានកែច្នៃ និងតម្លើងនៅទីនោះ ប៉ុន្តែតាមការពិនិត្យជាក់ស្ដែងឃើញថាទីតាំងទាំងនោះគ្មានច្បាប់ទេ។

លោកអភិបាលរងខណ្ឌ បានបញ្ជាក់បន្ថែមទៀតថា ខណៈនោះកម្លាំងរបស់លោកបានសម្រេចផ្អាកអាជីវកម្មយានដ្ឋានទាំង៤កន្លែងនោះជាបណ្ដោះអាសន្នសិន ព្រមទាំងធ្វើការដកហូតសម្ភារសម្រាប់ដំណើរការតម្លើងមានដូចជា ម៉ាសុីនកាត់ ម៉ាសុីនផ្សាដែក និងឧបករណ៍ផ្សេងៗទៀតជាច្រើន យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ។

ក្រោយផ្អាកសកម្មភាព ម្ចាស់យានដ្ឋានទាំងអស់នោះ អាចយកឯកសារពាក់ព័ន្ធឡើងទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ ដើម្បីត្រួតពិនិត្យមើលជាក់ស្ដែងសិន៕