(ភ្នំពេញ)៖ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់ Fresh News នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា ជ្រូករបស់ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រមាណ ១៣៧ក្បាល ត្រូវបានអនុញ្ញាតឱ្យបញ្ចេញទៅលក់នៅលើទីផ្សារ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យមិនឃើញមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក។

លោក តាន់ ផាន់ណារ៉ា បានឱ្យដឹងថា បន្ទាប់ពីទទួលបានការដាក់ចេញវិធានការរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញ រូបលោកបានបញ្ជូនម៉ាស៊ីនពិសោធន៍ ក៏ដូចជាមន្ត្រីជំនាញចុះទៅដល់ឃុំមៀនទីតាំងកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ហើយបានធ្វើសកម្មភាពពិនិត្យទៅលើជ្រូករបស់ប្រជាពលរដ្ឋដែលចង់លក់ភ្លាមៗ។

លោក តាន់ ផាន់ណារ៉ា បន្តថា បន្ទាប់ពីពិនិត្យទៅបានរកឃើញជ្រូករបស់ប្រជាពលរដ្ឋ ១៣៧ក្បាលមកពី៦គ្រួសារមិនមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះទេ ហើយក៏បានអនុញ្ញាតឱ្យបញ្ចេញទៅលក់ផងដែរ។

លោក តាន់ ផាន់ណារ៉ា បានឱ្យដឹងថា នៅថ្ងៃនេះមានតែប្រជាពលរដ្ឋនៅឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ទេ ដែលទាមទារឱ្យមានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យលើជ្រូក ដើម្បីបញ្ចេញលក់។ ដោយឡែកនៅខេត្ត៤ផ្សេងទៀត មិនមានប្រជាពលរដ្ឋតម្រូវឱ្យធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ចេញលក់នោះទេ។

បើទោះបីជាយ៉ាងណាមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដើរផ្សព្វផ្សាយជូនប្រជាពលរដ្ឋរួចរាល់ហើយ ឱ្យទាក់ទងមកមន្ត្រីជំនាញគ្រប់ពេលក្នុងការចុះទៅពិនិត្យជ្រូកប្រសិនបើប្រជាកសិកររូបណាចង់បញ្ចេញជ្រូកលក់នោះ។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការទទូចរបស់អ្នកចិញ្ចឹមជ្រូកនៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលចង់លក់ជ្រូកនោះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក វេង សាខុន បានដាក់ចេញវិធានការបន្ទាន់មួយ ដោយបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទៅកាន់តំបន់កំពុងកើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យលើជ្រូករបស់ប្រជាពលរដ្ឋដែលចង់លក់។

វិធានការជាដំណោះស្រាយលើបញ្ហាជំងឺប៉េស្តជ្រូកដែលកំពុងកើតមាននៅកម្ពុជានេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានលក់ជ្រូកចេញនៅថ្ងៃនេះ សម្តែងនូវការរីករាយជាខ្លាំង ហើយក៏បានអរគុណដល់វិធានការបន្ទាន់របស់រដ្ឋមន្ត្រីកសិកម្មផងដែរ។

ក្រុមអ្នកចិញ្ចឹមជ្រូកទាំងនោះ ចាត់ទុកវិធានការរបស់លោករដ្ឋមន្ត្រីជាដំណោះស្រាយប្រកបដោយភាពឆ្លាតវៃមួយក្នុងការដោះស្រាយបញ្ហាដែលកើតមានចំពោះមុខ៕

Advertising