(កំពង់ចាម)៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាមេមាំង ស្ថិតនៅឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលថ្ងៃនេះចាត់ទុកជាប្រវត្តិសាស្ត្រ នៃការកសាងសមិទ្ធផលសម្រាប់កូនចៅប្រជាពរដ្ឋនៅតំបន់នេះ ដើម្បីសិក្សារៀនសូត្រក្នុងការអភិវឌ្ឍធនធានមនុស្ស។ ហើយសមិទ្ធផលនេះចេះតែវិវត្តន៍ទៅមុខ និងបន្តរីក ដែលនេះគឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា ហើយយើងមិនបញ្ចប់ត្រឹមនេះទេ យើងនឹងបន្តកសាងតទៅមុខទៀត ដើម្បីបំពេញតម្រូវការ នៃល្បឿនកំណើនប្រជាជន។

លោកថា «ទោះបីសប្បុរជនជាខ្មែរទៅនៅបរទេសក៏ដោយ ក៏បេះដូងនៅតែជាខ្មែរ ហើយជួយគៀងគរសប្បុរសជនកសាងសមិទ្ធផលផ្សេងៗ នៅក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសមានលទ្ធភាពចូលរួមកសាងសមិទ្ធផល និងជួយស្រុកកំណើត។ នេះហើយ គឺជាគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសមានសុខសន្តិភាព និងធ្វើឲ្យខ្មែរនៅលើពិភពលោកបានជួយគ្នា រួមគ្នាកសាងសមិទ្ធផលនៅក្នុងស្រុក។ នេះគឺជាមោទនភាពណាស់ដែលខ្មែររួបរួមគ្នាជួយគ្នា»។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានខិតខំដោះស្រាយណាស់នៅអ្វីដែលជាតម្រូវការប្រជាជនចង់បាន ខិតខំកសាងសមិទ្ធផលនានា និងបង្កឱកាសសប្បុរសជន អង្គការ សមាគមចូលរួមកសាងសមិទ្ធផលផ្សេងៗរួមមានមន្ទីរពេទ្យវត្តអារាម សាលារៀន ដែលអាចជួយដោះស្រាយតម្រូវការប្រជាពលរដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់កូនចៅ។ នេះគឺជាគោលគំនិតសំខាន់របស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ចំពោះវិស័យអប់រំ។ អ្នកដែលដើរតួសំខាន់ក្រៅពីរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ គឺលោកគ្រូ អ្នកគ្រូ ដែលជួយកសាងប្រព័ន្ធអប់រំនៅកម្ពុជា។ នេះគឺជាគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ មិនត្រឹមតែកសាងធនធានមនុស្ស ជួយឱ្យមនុស្សមានអនាគត មានចំណេះដឹងនោះទេ ប៉ុន្តែបានលើកស្ទួយប្រទេសជាតិយើងតាមរយៈកសាងសមត្ថភាពមន្ត្រីអប់រំរបស់យើង។ យើងក្លាយជាប្រទេសកូនខ្លាសេដ្ឋកិច្ចមួយនៅអាស៊ីដោយសារតែការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីយើង ដោយសារប្រព័ន្ធអប់រំខ្មែរយើង។ ដូច្នេះគុណបំណាច់របស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់គឺមានគុណខ្លាំងណាស់ក្នុងអាជីពសំខាន់បំផុតដែលធានានិរន្តភាពនៃការរីកចម្រើន។

កូនច្បងនាយករដ្ឋមន្រ្តីរួបនេះ បានថ្លែងបញ្ជាក់ទៀតថា «ការវិវត្តទៅមុខរបស់ប្រទេសជាតិ និងការថែរក្សាសុខសន្តិភាព ស្ថិរភាពនៅថ្ងៃនេះ គឺបានមកពីការដឹកនាំមាននិរន្តរភាព៤០ឆ្នាំ ព្រោះថាការដឹកនាំខុសធ្វើឲ្យប្រទេសក្រឡាប់ចាក់។ ជាក់ស្ដែងរបបដឹកនាំកាលពីអតីតកាលរួមមានរបបលន់ នល់ របបប៉ុល ពត បានបំផ្លាញខ្ទេច។ ការដឹកនាំក្រោយឆ្នាំ ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះ យើងមានស្ថិរភាព យើងដើរទៅមុខ។ ដូច្នេះការថែរក្សាសុខសន្តិភាព ការជ្រើសរើសមេដឹកនាំត្រូវ សម្រាប់ដឹកនាំប្រទេសឲ្យមានរីកចម្រើនគឺសំខាន់ណាស់។ ហើយក៏សូមអរគុណលោកតា លោកយាយ ប្រជាពលរដ្ឋដែលបានគាំទ្រ គណបក្សប្រជាជនកម្ពុជាឈ្នះដាច់ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសមេដឹកនាំត្រូវ ព្រោះថាការជ្រើសរើសមេដឹកនាំត្រូវគឺបន្តការវិវត្តន៍ ការរីកចម្រើនទៅមុខទៀត។ យើងត្រូវការប្រជាពលរដ្ឋយើង មិនថាបក្សណាឬបក្សណានោះទេ ឬសាសនានោះទេ គឺស្រលាញ់គ្នា យើងរួមគ្នាជាខ្មែរតែមួយ យើងរួមគ្នាកសាងស្រុកភូមិយើង និងថែរក្សាសុខសន្តិភាព។ នេះគឺជាអ្វីដែលសម្តេចតេជ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចង់បាន គឺចង់បានសេចក្តីសុខ សេចក្តីសប្បាយរីករាយ និងសន្តិភាព»៕