(ត្បូងឃ្មុំ)៖ អនុវត្តន៍តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រួមជាមួយសហការី បន្ទាប់ពីចប់កម្មវិធី ក្នុងវត្តឧទ្យានកែវល្ពាករួចមក បានធ្វើដំណើរមកកាន់ភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីចុះមកពិនិត្យសកម្មភាព យកសំណាកឈាមជ្រូកមកធ្វើតេស្តវិភាគ រកមេរោគជំងឺប៉េស្តជ្រូកអាហ្រ្វិក របស់មន្រ្តីបសុព្យាបាល។

មន្រ្តីបសុព្យាបាលបានឲ្យដឹងថា សកម្មភាពធ្វើតេស្តឈាមនេះ នឹងចល័តទូទាំងភូមិសោយ និងភូមិកំពូលសេរីនៃឃុំមៀន ដែលជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក កាលពីថ្ងៃទី២៣ ខែមិថុនា។ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ជ្រូកងាប់ ៩៣ក្បាល ក្នុងចំណោមជ្រូកសរុប ៦៨២ក្បាល របស់កសិករសរុប ៥៨គ្រួសារ។ ការងារបច្ចេកទេសសំខាន់ៗ ត្រូវបានអនុវត្តន៍ជា បណ្តើរៗដូចជា ការធ្វើជីវសុវត្ថិភាព ការផ្សព្វផ្សាយ ការកំណត់តំបន់ផ្ទុះជំងឺ និងការធ្វើចត្តាឡីស័ក។ល។ អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងនៅបន្តដោះស្រាយបញ្ហាជូនប្រជាជន ធ្វើយ៉ាងណាឲ្យពួកគាត់អាចលក់ជ្រូក ដែលមានសុខភាពល្អ មិនឆ្លងជំងឺបន្ទាប់ពីបានធ្វើតេស្តឈាមរួច។

ក្នុងឱកាសនេះ លោក វេង សាខុន បានចូលរួមចែករំលែកនូវការខាតបង់ផ្នែកសេដ្ឋកិច្ច របស់អ្នកដែលជាម្ចាស់សត្វ និងសូមឲ្យម្ចាស់សត្វ ចូលរួមសហការអនុវត្តន៍វិធានបច្ចេកទេស ដែលមន្រ្តីជំនាញបានណែនាំឲ្យបានហ្មត់ចត់ និងត្រឹមត្រូវបង្កាទប់ស្កាត់ការរាល់ឆ្លងជំងឺនេះ។ ដោយឡែកមន្រ្តីជំនាញ លោកបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងឈរលើស្មារតីទទួលខុសត្រូវ លើភារកិច្ចរបស់ខ្លួន។

លោកក៏បានស្នើឲ្យមន្ទីរ សហការជាមួយមន្រ្តី បសុព្យាបាលចេញវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វ ឲ្យម្ចាស់សត្វឲ្យបានទាន់ពេលវេលា ហើយបានសន្យាថា នឹងផ្តល់ពូជជាកូនជ្រូកថ្មី ដល់គ្រួសារកសិករ ដែលទទួលផលប៉ះពាល់កន្លងមក ដើម្បីមានលទ្ធភាពស្តារឡើងវិញ លើការចិញ្ចឹមឡើងវិញរបស់ពួកគាត់ នៅពេលអគ្គនាយកដ្ឋានបានពិនិត្យឃើញថា ទីតាំងដែលបានប៉ះពាល់នោះ បានត្រឡប់មកភាពប្រក្រតីវិញហើយនោះ៕